ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ និងជនជាតិហ្គាំប៊ីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយលួចចូលមករស់នៅដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ បន្តចុះរដ្ឋបាលត្រួតពិនិត្យជនបរទេសនៅតាមផ្ទះ ហាងកាហ្វេ និងភោជនីដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលលួចចូលមករស់នៅនិងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់ ជាកស្តែងសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ម្នាក់ជាជនជាតិវៀតណាម និងម្នាក់ជាជនជាតិហ្គាំប៊ី ក្រោយលួចចូលមករស់នៅដោយគ្មានការអនុញ្ញាត ។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅហាងកាត់សក់ និងហាងម៉ាស្សាកោសជប់ តាមបណ្តោយផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ច ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយអនុសេនីយ៍ឯក វង្ស ខេមរា នាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជនបរទេសណា ដែលឆ្លងដែននិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចហាងកាត់សក់ និងហាងម៉ាស្សាកោសជប់ តាមបណ្តោយផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយពិនិត្យរកឃើញបុរសជនបរទេស២នាក់ ម្នាក់ជនជាតិវៀតណាម និងម្នាក់ជនជាតិហ្គាំប៊ី ដែលពួកគេប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

បច្ចុប្បន្នជនបរទេសទាំង២នាក់នោះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្តនីតិវិធីនៃច្បាប់៕ ស តារា


ចែករំលែក៖