ភ្នំពេញ: ស្ត្រីចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងមកចោមរោមមើល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១ជាងរសៀល ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម១៥៦ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលដេកស្លាប់នៅក្នុងបន្ទប់ទឹកមានឈ្មោះ មាស ស្រីលាន អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។
ប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការហៅស្ត្រីដែលស្លាប់នេះរាល់ដង ព្រោះព្រឹកឡើងឃើញស្ត្រីរូបនេះ បានបើកទ្វារពីព្រលឹម រួចចេញមកក្រៅ ដើម្បីផឹកស្រាជារៀងរាល់ថ្ងៃ។ ស្រាប់តែព្រឹកមិញនេះ មិនឃើញរូបគាត់ចេញមកខាងក្រៅនោះទេ។ ដោយមានការសង្ស័យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាងក៏នាំគ្នាស្រែកហៅស្ត្រីរូបនោះ តែមិនមានការឆ្លើយតប រួចក៏នាំគ្នាតេទៅម្ចាស់ផ្ទះជួល ឲ្យចុះមកកន្លែងកើតហេតុ ព្រោះថា ទ្វារផ្ទះបានជាប់សោទ្វារមិនអាចបើកបាន។
ក្រោយមក ម្ចាស់ផ្ទះជួល បានមកដល់កន្លែងកើតហេតុ នាំគ្នាស្រែកហៅស្ត្រីរូបនេះម្តងទៀត តែមិនមានការឆ្លើយតប ហើយបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះក៏បានសម្រេចចិត្ត ដោយវាយបំបែកកញ្ចក់ទ្វារ រួចយកសោមកចាក់បើកទ្វារ។ ស្រាប់តែបើកទ្វារផ្ទះចូលទៅក្នុង ក៏ឃើញស្ត្រីនោះបានដេកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកពិនិត្យសាកសព។ ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចមក បានបញ្ជាក់ថា ស្ត្រីដែលដេកស្លាប់នេះ ស្លាប់ដោយសារខ្យល់គរ។ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ