ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយសង្ស័យថាជាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានយាយតាក្នុងវត្ដប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ដោយសង្ស័យថា ការស្លាប់ខាងលើនេះគឺជាករណីខ្យល់គរ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះក្នុងវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិពោធិអណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ យុន វ៉ន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាគណៈកម្មការវត្ត ពោធិ៍អណ្តែត មានទីលំនៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ សាន ម៉ៃ ភេទស្រី អាយុ ៧៦ឆ្នាំ ជាដូនជីនៅវត្តពោធិ៍អណ្តែត បានឲ្យដឹងថាៈ ជនរងគ្រោះជាគណៈកម្មការបំរើការងារនៅក្នុងវត្តពោធិ៍អណ្តែត ហើយជាអ្នកបើករ៉ឺម៉កកង់បីដឹកយាយ តា ដើររៃអង្គាសបច្ច័យបុណ្យចូលព្រះវស្សាជារៀងរាល់ថ្ងៃ ។ លុះមកថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីព្រឹក ដូនជីឈ្មោះ សាន ម៉ៃ បានក្រោកពីសម្រាន ដោយពុំទាន់ឃើញជនរងគ្រោះភ្ញាក់ពីដំណេករៀបចំរ៉ឺម៉កដឹកយាយតា ក៏ទៅគោះទ្វាបន្ទប់ជនរងគ្រោះ រួចហៅជនរងគ្រោះ តែពុំមានការឆ្លើយតបទេ ខណៈនោះដូនជីក៏ទៅប្រាប់តាៗនៅក្នុងវត្តជាមួយគ្នាឲ្យជួយហៅម្ដង តែនៅមិនមានការឆ្លើយតប ក៏មានការងឿងឆ្ងល់បាននាំគ្នាគាស់ទ្វាបន្ទប់ចូលទៅមើលស្រាប់តែឃើញជនរងគ្រោះបានស្លាប់នៅលើគ្រែរបស់ខ្លួនបាត់ទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីមកធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានរួច សមត្ថកិច្ចក៏ចុះមកធ្វើការពិនិត្យសាសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖