ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អារដើមឈើភ្លាត់ស្នៀតរលំសង្កត់ស្លាប់ និងម្នាក់ទៀតរបួសនៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរបួសបាក់ភ្លៅធ្ងន់ ដោយសារដើមឈើ ១ដើមធំដួលរលំសង្កត់លើ នៅគ្រាដែលពួកគាត់នាំគ្នាទៅអារកាត់ផ្ដួល ស្រាប់តែមិនដឹងជាយ៉ាងមុិច ក៏ភ្លាត់ស្នៀតបែបនេះ ។

ហេតុការណ៍ដ៍កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះស្ទឹង ស្ថិតក្នុងភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយដើមឈើ ១ដើមធំរលំសង្កត់បាកភ្លៅទាំងសង់ខាងឈ្មោះ យ៉ាន យ៉េន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងម្នាក់ទៀតរបួសធ្ងន់(បាក់ភ្លៅឆ្វេង)ឈ្មោះ វឺម វេង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំជាមួយគ្ន ។

ប្រភពខាងលើបន្តទៀតថា ករណីដើមឈើរលំសង្កត់មនុស្សបណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ខាងលើនោះ(គឺដើមឈ្លីក) ហើយកើតឡើងនៅគ្រាដែលពួកគាត់នាំគ្នាទៅអារកាត់ផ្ដួល ស្រាប់តែមិនដឹងជាយ៉ាងមុិច ក៏ត្រូវភ្លាត់ស្នៀតសង្កត់ខ្លួនឯងបែបនេះ អាជ្ញាធរមានសមត្តកិច្ចស្ថាប័នពាក់ព័ន្ធមូលដ្ឋាន សហការគ្នាចុះធ្វើការពិនិត្យ និងស្រាវជ្រាវស្រង់យកចម្លើយ លទ្ធផល៖ ជនរងគ្រោះ(ស្លាប់) និងរបួសពិតជាកើតឡើងដោយសារដើមឈើរលំសង្កត់ពិតប្រាកដ ហើយបានធ្វើកំណត់ហេតុត្រឹមត្រូវ ប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។

គួររំលឹកថា៖ ករណីគ្រោះថ្នាក់ដើមឈើដួលរលំសង្កត់ខ្លួនឯង បណ្ដាលឲ្យរងរបួស និងស្លាប់ជាបន្តបន្ទាប់ខាងលើនេះ កើតមានច្រើនគួរសមដែរនៅស្រុកភ្នំក្រវាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖