ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបុរសម្នាក់កំពុងបត់ឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ខាងលើ របួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯយុវជនទាំង៣នាក់ខាងលើ រងរបួសធ្ងន់ម្នាក់ ស្រាល២នាក់បែកមុខមាត់(មធ្យម ) ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុនីរ៉េត(២១៧ ) កែងច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យស្លាប់នៅក្នុងមន្ទីរពេទ្យ មានឈ្មោះ មុំ ពុំសុផល អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយរូបគាត់ជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-1814 ។ ចំណែកភាគីម្ខាងទៀតមានគ្នា៣នាក់ បានរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរ ដោយពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-4308 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីជើងមកត្បូង ហើយបានបត់ឆ្វេងឆ្លងផ្លូវ ខណះឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានយុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿន តាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីត្បូងមកជើង ហើយក៏បុកម៉ូតូបុរសរងគ្រោះខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះដួលបោកក្បាលនិងថ្នល់ផុងលលា រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលរថយន្តសាមុយដឹកទៅដល់មន្ទីរពេទ្យ ។ ចំណែកយុវជន៣នាក់ដែលជិះម៉ូតូទៅបុកក៏បានរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរ ។ ដោយឡែកម៉ូតូទាំងពីរគ្រឿង បានរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ហើយបានវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ