ភ្នំពេញ ៖ សាសនិកឥស្លាមនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រកាសថា ពួកគាត់នឹងមិនផ្លាស់ប្តូរយកសង្រ្គាម ជំនួសឱ្យសន្តិភាពរបស់កម្ពុជា ដែលមានសព្វថ្ងៃនេះឡើយ។ ពួកគាត់ប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព ហើយថានឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តការអភិវឌ្ឍរបស់ប្រទេសបន្តទៀត។
ការអះអាង ប្រកាសជំហររបស់ សកម្មជន និងតំណាងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា បានធ្វើឡើង ក្នុងឱកាសដែល លោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណចលនា បានអញ្ជើញសំណេះសំណាល និង ឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុុជា នៅរសៀលពុធ១៣កើតខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ព្រែកប្រា។
នៅក្នុងឱកាសនោះ ដែរ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនា ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយទាំង ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំបន្ត នាអាណត្តិទី៦ ឆ្នាំ ២០១៨-២០២៣ ។
លោក ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមាន ការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតដល់សព្វថ្ងៃនេះ ។
បន្ទាប់មក ថ្នាក់ដឹកនាំគណៈចលនា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ក៏បានបន្តចុះ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងឃោសនារកសំឡេងឆ្នោត នៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាលផងដែរ ៕ សំរិត