ខេត្តឧត្តរមានជ័យ៖ លោក គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យប្រមាណ ៧៨៨នាក់។
លោក គន់ គីម បានបញ្ជាក់ថា ការជួបជុំចែកបណ្ណបេឡាជាតិរបបសន្តិសុខសង្គមមិនមែនធ្វើឡើងក្នុងគោលបំណងកេងចំណេញផ្នែកនយោបាយនោះទេ គឺគ្រាន់តែជាការងារសង្គមក្នុងការអនុវត្តន៍គោលនយោយគាំពារសន្តិសុខសង្គម ដោយការផ្តល់ប័ណ្ណ ប.ស.ស ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដែលរាជរដ្ឋាភិបាលផ្តល់ជូនតាមរយ:បេឡាសន្តិសុខសង្គម។
«នេះជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយគាំពារសន្តិសុខសង្គមជាច្រើនទៀតដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនយើង ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ បងប្អូនត្រូវចាំថាមានតែសម្តេចតេជោទេ ដែលតែងតែគិតគូដល់ពួកយើង»។ លោក គន់ គីម បានគូសបញ្ជាក់។
លោក គន់ គីម បានចាត់ទុកការផ្តល់បណ្ណបេឡាជាតិសន្តិសុខសង្គមដល់អតីតយុទ្ធជន គឺជាការគិតគូរខ្ពស់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បន្ថែមពីលើការគិតគូរយកចិត្តទុកដាក់លើបញ្ហាផ្តល់ដីសម្បទាន ផ្តល់ប្រាក់សោធននិវត្តជាដើម ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ធំធេងសម្រាប់ជាតិមាតុភូមិ។
លោក គន់ គីម បានអះអាងថា នៅក្រោយពេលបោះឆ្នោតរួចរាល់រូបលោកនឹងអញ្ជើញផ្តល់បណ្ណបេឡាជាតិសន្តិសុខសង្គមនេះជូនអតីតយុទ្ធជននៅទូទាំងប្រទេស៕