ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFRONTIERបើកល្បឿនលឿនបុកម៉ូតូមួយគ្រឿងច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងម៉ាកFRONTIERបើកបោះពួយលឿនដូចហោះមកបុកពីមុខពេញមួយទំហឹង កាលពីថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង១៣នាទី លើផ្លូវលេខ២៦១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ហួត វុត្ថា ភេទអាយុ២០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុន១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV-6140 ។ ចំណែករថយន្តបង្កម៉ាក FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AQ -8973 បើកបរដោយឈ្មោះ សួន ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ត្រូវបានឃាត់ខ្លួន) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកFRONTIER បើកដោយល្បឿនលឿន ក្នុងទិសដៅច្រាស់ទិសគ្នា ក៏បានរេចង្កូតមកបុកម៉ូតូជនរងគ្រោះចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចស្រុកបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត រួមទាំងធ្វើការវាស់វែងមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖