ខេត្តស្ទឹងត្រែង៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា មកដល់ម៉ោង៩ព្រឹកនេះ ទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នជិតកន្លះម៉ែត្រហើយ ។
ប្រភពបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៩០ ម ហើយ ខណៈកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម ។ ទឹកទន្លេបានបន្តជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ និងកំពុងបន្តគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងស្រុកសៀមប៉ាង» ៕