ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ បើកលឿនជ្រុលចង្កូតបុកស្លាកសញ្ញាបង្ហាញផ្លូវ មិនទាន់អស់ល្បឿនបន្តទៅបុកដើមឈើ១ដើមទៀតទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារការបើកបរខ្វះភាពប្រុងប្រយ័ត្ន ខណៈដែលបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកស្លាកសញ្ញាបង្ហាញទិសផ្លូវវៀច១ដើម ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកដើមឈើ១ដើមទៀតទាំងកំរោល ទៅមុខលែងរួច ។

ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៦ កែងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-9030 បើកតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនពេកងោកមួយភាំងក៏រេចង្កូតទៅបុកស្លាកសញ្ញាប្រាប់ផ្លូវវៀចអស់មួយបង្គោលនិងជ្រុលទៅបុកដើមឈើមួយដើមទៀត។រីឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងស្តាំរថយន្តតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖