ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំ ចុះទៅក្នុងស្រះទឹកមួយកន្លែងដើម្បីស្រង់ចក បណ្ដាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម ។ ករណីលង់ទឹកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកក្នុងវត្តម៉ែបាន ស្ថិតក្នុងភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ រុន ឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះតែងតែផឹកស្រាស្រវឹងរៀងរាល់ថ្ងៃ ហើយរយៈពេលកន្លះខែមកហើយដែលជនរងគ្រោះបានមកជួយស្រង់ចក ពីក្នុងស្រះសីមា នៅវត្តម៉ែបាន ។ លុះមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងខ្លាំង ជិះម៉ូតូចេញពីផ្ទះមកស្រង់ចកសំអាតចេញពីក្នុងស្រះដូចរាល់ថ្ងៃ ឃើញដូចនោះប្រពន្ធបានឃាត់ជនរងគ្រោះជាប្តីកុំឲ្យទៅ តែជនរងគ្រោះមិនស្តាប់ប្រពន្ធនោះទេ រួចក៏ជិះម៉ូតូចេញពីផ្ទះសំដៅទៅវត្តបាត់ទៅ ។
លុះមកដល់វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ឈ្មោះ អ៊ុំ គន្ធា ជាជាងគំនូរនៅវត្តម៉ែបាន បានក្រឡេកមើលទៅស្រះមិនឃើញជនរងគ្រោះ ឃើញតែម៉ូតូ ស្បែកជើង មួក ខោអាវ សង្ស័យជនរងគ្រោះលង់ទឹក ក៏បានទៅប្រាប់ឈ្មោះ កើ មុំ ជាប្រពន្ធជនរងគ្រោះ ភ្លាមនោះប្រពន្ធ រួមជាមួយឈ្មោះ ងួន សេង ឈ្មោះ ស៊ុំ សារុន ត្រូវជាឪពុកជនរងគ្រោះនិងព្រះសង្ឃ បានចុះទៅក្នុងស្រះជួយរាវរកជនរងគ្រោះ រហូតដល់ម៉ោង ១៥និង៤០នាទី ទើបឈ្មោះ ងួន សេង រាវរកសាកសពជនរងគ្រោះឃើញនៅ ចម្ងាយពីមាត់ស្រះ ៣ម៉ែត្រ ជម្រៅទឹកប្រហែល ១,៨០ម៉ែត្រ រួចបានស្រង់សពមកលើគោក និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស៊ីធរ ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យហេតុបានសហការជាមួយ នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ