ខេត្តកណ្ដាល៖ ក្រុមក្មេងស្ទាវពីរក្រុមខណៈដែលចូលទៅ ផឹកស៊ីនៅក្នុងហាង “អឹម ដឺ បេសហ្វូត” បានបង្កជម្លោះវាយតប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅធ្វើអន្តាគមន៍ភ្លាមៗ កាលពី វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃ ពុធ ១៣ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្រោយសាលាសេរីភាពក្រុងតាខ្មៅ ក្នុងភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមទាំង២ ពោល គឺភាគី(ក) និងភាគី(ខ) បានផឹកស៊ីនៅកន្លែងតែមួយ (អឹម ដឺបេសហ្វូត) ដោយអង្គុយតុក្បែរគ្នា។ ស្របពេលនោះ ម្ចាស់ហាងបានហៅភាគី(ក) និងភាគី(ខ) មកផ្សះផ្សារជម្លោះកើតមានពីកន្លងមក។តែផ្ទុយទៅវិញ ភាគីទាំងសងខាងមិនបានស្តាប់តាមអ្វីដែលម្ចាស់ហាងជួយផ្សះផ្សារទេ ក៏បង្កជម្លោះរហូតឈានដល់បង្កការវាយតប់គ្នាទៅវិញទៅមក ផ្អើលភ្ញៀវរត់ពេញហាង ទើបសមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ហើយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌបាននាំភាគីទាំងសងខាង មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងមានវិធានការណ៍តាមច្បាប់ ។
ក្រោយពីមានការសម្របសម្រួលរបស់សមត្ថកិច្ច ភាគីទាំងសងខាង ព្រមសម្រុះសម្រួលគ្នា ដោយព្រមផ្ដិតមេដៃលើកិច្ចសន្យារៀងៗខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងកុំឲ្យកើតមានជាបន្តទៀត ៕ សហការី