ភ្នំពេញ៖ នារីម្នាក់ បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈនារីរងគ្រោះកំពុងតែជិះម៉ូតូរឺុម៉ក ហើយអ្នកបើកបរគ្មានការប្រុងប្រយ័ត្នក្នុងល្បឿនលឿន ក៏វ៉ាក់អីជាមួយរថយន្តដឹកឥដ្ឋមួយគ្រឿងនៅត្រង់ចំណុចផ្លូវបែកជាបួន ចាប់ហ្រ្វាំងបង្ខំបោកក្រឡាប់សង្កត់លើនារីម្នាក់ជាប់នៅក្រោមរឺុម៉ក ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងការពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៦ កែងផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូរឺុម៉កមួយគ្រឿង ដោយដឹកនារីម្នាក់ជាភ្ញៀវ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីលិច មកកើតស្រាប់តែបើកលឿនពេកដល់ផ្លូវបែកជាបួនវាក់អឺជាមួយរថយន្តដឹកឥដ្ឋមួយគ្រឿង បើកចេញពីផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះអ្នកបើកម៉ូតូរឺុម៉កចាប់ហ្រ្វាំងបង្ខំ បណ្ដាលឲ្យបោកក្រឡាប់សង្កត់លើនារីម្នាក់រងរបួសធ្ងន់តែម្តង ។ ភ្លាមៗប្រជាពលរដ្ឋបានទំនាក់ទំនងជាមួយរថយន្តសាមុយមកដឹកនារីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យរស្មី ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងរួច និងឃាត់រថយន្តដឹកឥដ្ឋ ព្រមទាំងម៉ូតូរឺុម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕ ស តារា