ខេត្តកណ្ដាល ៖ នគរបាលស្រុកពញាឮ បានឃាត់ខ្លួនសង្ឃក្លែងក្លាយវ័យចំណាស់ម្នាក់ ខណៈស្រឡាញ់ស្ត្រីមេម៉ាយជាយូរ មកហើយដោយបានទិញទូរស័ព្ទទុកឲ្យ នាងប្រើប្រាស់ទៀតផងតែក្រោយមកឮ ដំណឹងថា ទូរស័ព្ទនេះអ្នកមេម៉ាយបាន យកទៅឲ្យប្រុសថ្មីធ្វើឲ្យសង្ឃក្លែងក្លាយរូបនេះផឹកស្រវឹងខឹងពេកដុតផ្ទះនាងចោលឆេះម៉ត់ ។
ការឃាត់ខ្លួនសង្ឃក្លែងក្លាយនេះបានធ្វើឡើងកាលពីយប់ថ្ងៃពុធ ១៣កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៨ នៅភូមិអំពិលដាំទឹក ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យជាសង្ឃក្លែងក្លាយឈ្មោះ ឃុន ខេង អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តភ្នំតូច សិ្ថតក្នុងភូមិរំលេច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន។ រីឯជនរងគ្រោះជាស្រី្តមេម៉ាយ មានឈ្មោះ ផាត យេង អាយុ៤៧ឆ្នាំ មុខរបរលក់ផ្លែអំពិល មានទីលំនៅកន្លែងកើតហេតុខាងលើ ។
នគរបាលស្រុកពញាឮបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេធ្លាប់បានបួសជាព្រះសង្ឃតាំងឆ្នាំ២០០៤មកដោយ គង់នៅវត្តស្បែង ស្ថិតក្នុងភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ រហូតឆ្នាំ២០០៦ដល់ឆ្នាំ២០០៨ បានមកគង់នៅវត្ត ព្រះវិហារសំណរបាន ២ឆ្នាំ ចាប់ផ្តើមស្គាល់ជនរងគ្រោះឈ្មោះ ផាត យេង នៅពេលជនរងគ្រោះទៅឲ្យខ្លួនជួយស្តោះផ្លុំជំងឺដុះដុំគីសនៅក្នុងសុដន់ ហើយជនរងគ្រោះក៏ធ្លាប់បាន ធ្វើចង្ហាន់សម្រាប់ឲ្យខ្លួនឆាន់រៀងរាល់ថ្ងៃផងដែរ ។តាំងពីពេលនោះមកជនរងគ្រោះ និង ខ្លួនជាសង្ឃក៏បានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នារហូតបានរួមភេទជាច្រើនលើកទៀតផង។ នៅឆ្នាំ២០១៧ ព្រះចៅអធិការវត្តបានឃើញខ្លួនផឹកស្រា និង មានស្រីធ្វើឲ្យខុសធម៌វិន័យសង្ឃក៏បានចាប់ខ្លួនផ្សឹក តែក្រោយមក ខ្លួនបានលួចគ្រងស្បង់ជីវរដោយខ្លួនឯងធ្វើជាសង្ឃទៅគង់នៅវត្តភ្នំតូច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅទីនោះស្រ្តីរងគ្រោះដែលទើបលែងប្តី ឈ្មោះ ឡុង បូរ នោះ ក៏មានការទំនាក់ទំនងជាមួយខ្លួនរាប់អានគ្នាជាធម្មតាហើយ ខ្លួនបានទិញទូរស័ព្ទម៉ាកសាំងស៊ុង១គ្រឿងតម្លៃ៤០ដុល្លារឲ្យស្រ្តីរងគ្រោះប្រើប្រាស់ទៀតផង ។
ជនសង្ស័យបន្តទៀតថា លុះដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ ឡុង បូរ បានជិះម៉ូតូទៅជួបខ្លួន (ឃុន ខេង) នៅចំណុចវត្តខាងលើ ហើយខ្លួនបានឲ្យលុយជាង២ម៉ឺនរៀលទៅឈ្មោះ ឡុង បូរ ដើម្បីទិញស្រាបៀរផឹក២នាក់។ ពេលអង្គុយផឹកបណ្តើរឈ្មោះ ឡុង បូរ បាននិយាយប្រាប់ថា ស្រ្តីរងគ្រោះ (ផាត យេង) មានការទាក់ទងប្រុសថ្មី ដោយបានយកទូរស័ព្ទដៃដែលខ្លួនទិញឲ្យនោះយកទៅឲ្យប្រុសនោះទៀតផង ។លុះដល់វេលាម៉ោង១រសៀលនាថ្ងៃដដែលឈ្មោះ ឡុង បូរ បានបបួលខ្លួន ទៅលេងវត្តវាំងចាស់ ហើយ ឡុងបូរ បានជិះម៉ូតូឌុបខ្លួនទៅដល់ចំណុចវត្តវាំងចាស់ ក៏ចូលលេង ព្រះចៅអធិការវត្តវាំងចាស់នោះ។ ក្រោយបានជជែកគ្នាលេងរួចដល់ម៉ោង៥ល្ងាច ឈ្មោះ ឡុង បូរ ក៏បានជិះម៉ូតឌុបខ្លួនទៅផ្ទះស្រ្តីរងគ្រោះតែមិនជួបស្រ្តីរងគ្រោះនោះទេ ។ ក្រោយមកខ្លួនបានទៅផ្ទះឈ្មោះ ហ៊ូ ភារ៉ា ហៅ កុយ រួចបានឲ្យលុយទៅឈ្មោះនេះដើម្បីទៅទិញស្រាបៀរមកផឹករហូតម៉ោង៨យប់ថ្ងៃខែឆ្នាំដដែលពេលផឹកស្រវឹង ខ្លួនបានដើរទៅផ្ទះស្រ្តីរងគ្រោះនៅចំណុចកើតហេតុខាងលើ តែពុំបានឃើញជនរងគ្រោះទេ ក៏ដើរត្រឡប់ទៅផ្ទះឈ្មោះ ហ៊ូ ភារ៉ា ហៅកុយ វិញ។ រហូតដល់វេលាម៉ោង៩យប់ ខ្លួនបានដើរមករកជនរងគ្រោះម្តងទៀតហើយពេលជួបគ្នាខ្លួនបាននិយាយរករឿង សួររកទូរស័ព្ទដៃដែលខ្លួន បានទិញឲ្យនោះតើទៅណា? ជនរងគ្រោះក៏ បានប្រាប់ ថា ចោរលួចបាត់ហើយ។ ពេលឮស្រី្តរងគ្រោះនិយាយដូច្នោះ ខ្លួនចាប់ផ្តើមខឹងក៏ធាក់នាង ២ជើងចំមុខ និងខ្លួនគ្រាដែលនាងកំពុងដេកនៅក្នុងផ្ទះ។ ពេលឃើញដូច្នេះស្រ្តីរងគ្រោះពុំបានតបតជាមួយទេហើយនាងបានទូរស័ព្ទហៅកូនស្រីឈ្មោះ ឡង់ រដ្ឋា ឲ្យជិះម៉ូតូមកយកនាងព្រោះខ្លាចខ្លួនវាយធ្វើបាបទៀត។បន្ទាប់មកស្រ្តីរងគ្រោះបានដើរទៅលើថ្នល់ជាតិលេខ៥ ដើម្បីរង់ចាំកូនមកឌុបចេញទៅ ចំណែកខ្លួនបាននៅអង្គុយក្រោមផ្ទះរបស់ជនរងគ្រោះតែម្នាក់ឯង។
ចំណែកសមត្ថកិច្ចនគរបាលស្រុកពញាឮបានឲ្យដឹងថា លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែផ្ទះស្រ្តីរងគ្រោះត្រូវភ្លើងឆេះម៉ត់ ហើយគេឃើញជនសង្ស័យឈ្មោះឃុន ខេង កំពុងរត់ចេញពីកន្លែងកើតហេតុដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារហ្លួងចាប់បានតែម្តងបន្ទាប់ពីដឹងថា ឈ្មោះនេះជាអ្នកដុតបំផ្លាញ ។ ជនសង្ស័យត្រូវបានប្រគល់ជូនទៅឲ្យការិយាល័យធម្មការ និងសាសនា ស្រុកបកស្បង់ចីវរក្លែងក្លាយផ្សឹកចោល ហើយបានប្រគល់ឲ្យសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមច្បាប់ គ្រាដែលជនសង្ស័យសារភាពថា ខ្លួន ពិតជាប្រព្រឹត្តដូចការចោទប្រកាន់នេះមែន ៕ ប្រាថ្នា