ខេត្តកណ្តាល៖ រថយន្តមួយគ្រឿងម៉ាកបាឡែនបានឆ្លងចរន្តភ្លើងបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ មិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ
។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៥០នាទី ស្ថិតនៅចំណុចទល់មុខស្ថានីយសាំងតេលា ផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៥៤ លេខ៥៥ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ។
ប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ងិន សុបិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបររថយន្តម៉ាកបាឡែន ស៊េរី២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A 2382 ត្រូវឆេះ បណ្តាលមកពីឆ្លងចរន្តភ្លើង ហើយករណីនេះត្រូវបានប្រជាពលរដ្ឋនិងកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាល ពន្លត់រលត់ទាំងស្រុង ៕