ភ្នំពេញ៖ ពលរដ្ឋមួយចំនួនកំពុងតែដេកលង់លក់ ស្រាប់តែនាំគ្នាភ្ញាក់ឡើងទាំងសភាពភ័យស្លន់ស្លោខ្វះត្រៀមទុយោទឹក ខ្លះត្រៀមបំពង់ពន្លត់អគ្គិភ័យ ខណៈដែលមានករណីទុស្សេខ្សែភ្លើងនៅលើអាគារខុនដូយីហោ SKY3 ដែលមានកម្ពស់៣១ជាន់មួយកន្លែង ក្នុងមូលដ្ឋានខណ្ឌទួលគោក បង្កឲ្យមានផ្សែងហ៊ុយយ៉ាងទ្រលោមចេញពីលើអាគារ ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយការិយាល័យនគរបាលពន្លត់អគ្គិភ័យចេញរថយន្តជាច្រើនគ្រឿងមកត្រៀមបាញ់ពន្លត់ផងដែរ ។
ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអាគារខុនដូយីហោ SKY3 ដែលមានកម្ពស់៣១ជាន់ តាមបណ្ដោយផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយយ៉ាងខ្លាំងចេញពីលើកំពូលអាគារខុនដូ SKY3 កំពស់៣១ជាន់ ។ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចក៏បានចេញរថយន្តជាច្រើនគ្រឿងមកត្រៀម ធ្វើការបាញ់ពន្លត់ផងដែរ ។
ក្នុងហេតុការណ៍នោះគេឃើញកម្លាំងសមត្ថកិច្ច សហការជាមួយកម្មករអាគារខាងលើ បានឡើងទៅបិតប៉ារ៉ែត និងទាញទុយោទឹកមកបាញ់ និងជះពន្លត់ រហូតមិនដល់២០នាទីផង ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រើប្រាស់ទឹករថយន្តពន្លត់អគ្គិភ័យនោះទេ ។ចំណែកសម្ភារៈខូចខាតមានប្រអប់ជណ្ដើរយន្តមួយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថាករណីខាងលើនេះ មូលហេតុគឺបណ្ដាលមកពីការទុស្សេខ្សែភ្លើងនៅប្រអប់ជណ្ដើរយន្ត ៕ស តារា