ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឡាំប្រឺតា បើកលឿនជែងរថយន្តមួយគ្រឿងជ្រុលបុកថយន្តសាំយ៉ុង បណ្ដាលឲ្យជនបរទេសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ បានរងរបួសខណៈដែលគាត់កំពុងតែជិះម៉ូតូឡាំប្រឺតា(ឥណ្ឌាមួយគ្រឿង) បើកក្នុងល្បឿនលឿន និងបើកវ៉ាជែងរថយន្តមួយគ្រឿងផុត ហើយគេចពីរថយន្តមួយទៀតមិនផុត ក៏ជ្រុលទៅបុកចំក្បាលរថយន្តសាំយ៉ុងទាំងកំរោលបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ កែងផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (មុខម៉ាតអ៊ីអនម៉ល) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-3047 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥១ ទិសដៅពីជើងមកត្បូង ដឹកអ្នកដំណើរទៅខេត្តព្រៃវែង ស្រាប់តែដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវបែកជាបួន ក៏មានបុរសម្នាក់បើកម៉ូតូឡាំប្រឺតា (ឥណ្ឌា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-6181 តាមបណ្តោយផ្លូវលេខ៣៦០ ទិសដៅពីកើតមកលិច ដឹកភ្ញៀវជនជាតិបរទេសប្រុសម្នាក់ ដោយបើកក្នុងល្បឿនលឿនវ៉ានិងជែងរថយន្តមួយគ្រឿងផុតហើយ តែគេចពីរថយន្តមួយគ្រឿងទៀតមិនផុត ក៏បានរេកន្ទុយម៉ូតូត្រូវក្បាលរថយន្តរងគ្រោះ បណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង ។ រីឯជនបរទេសដែរជិះលើម៉ូតូនោះរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយពួកគាត់មិនចង់មានរឿងវែងឆ្ងាយ ក៏បានព្រមព្រៀងគ្នាយកទៅជួសជុលរាងខ្លួន ដើម្បីបញ្ចប់រឿងតែម្តង ៕ ស រស្មី


ចែករំលែក៖