ខេត្តកំពង់ស្ពឺ: ក្រុមចោរបានចូលគាស់ទូដែករោងចក្រផលិតកាបូប និងបន្តោងសោគ្រប់ប្រភេទ ស្ថិតក្នុងសួនវ៉ាយសេវេន ក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យកអស់លុយរាប់ម៉ឺនដុលា្លរកាលពីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃ សុក្រ ១៥ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី២៧ខែកក្កដាឆ្នាំ២០១៨ ។
បើតាមមន្ត្រីនគរបាលស្រុកសំរោងទងម្នាក់បានថ្លែងដោយសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅក្នុងក្រុមហ៊ុនអាយឌាលផេស៊ីហ្វិក(ខេមបូឌា) ដែលផលិតកាបូប និងបន្តោងសោគ្រុបប្រភេទ ស្ថិតក្នុងភូមិសង្គ្រោះជាតិឃុំត្រពាំងគងស្រុកសំរោងទង ត្រូវក្រុមចោរលួចចូលទៅគាស់ទូដែកដាក់លុយ ក្នុងការិយាល័យធ្វើការរបស់ក្រុមហ៊ុននេះយកលុយអស់រាប់ម៉ឺនដុល្លារដោយសុវត្ថិភាព។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ការបាត់បងលុយរាប់ម៉ឺនដុល្លារនេះ មិនគួរកើតមាននោះទេ ព្រោះក្រុមហ៊ុនបានជួល ក្រុមហ៊ុនសន្តិសុខ BSA ឲ្យយាមទាំងថ្ងៃ ទាំងយប់និងមានការប្រុងប្រយ័ត្នណាស់ ដូច្នេះបើក្រុមសន្តិសុខយាមទាំងយប់យាមទាំងថ្ងៃបែបនឹង ហេតុអ្វីចោរចូលគាស់ទូដែកក្នុងរោងចក្រយកលុយអស់រាប់ម៉ឺនដុល្លារយ៉ាងស្រួលបែបនេះ ?
បន្ទាប់ពីបាត់បង់លុយកាក់ក្នុងក្រុមហ៊ុនយ៉ាងស្រួលបែបនេះ តំណាងក្រុមហ៊ុន អាយឌាលផេស៊ីហ្វិក(ខេមបូឌា) បានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីចុះទៅស្រាវជ្រាវវែកមុខជនដៃដល់ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចជំនាញ កំពុងធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុត ៕ សហការី