ភ្នំពេញ៖ យុវសិស្សជំទង់ម្នាក់ដែលយករូបភាពអាក្រាតកាយក្មេងស្រីទៅចែកចាយដើម្បីគំរាមសុំរួមភេទម្តងទៀតនោះបានត្រូវលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាសនៅរសៀលថ្ងៃទី២៧ខែកក្កដា នេះរួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។
យុវសិស្សរូបនេះឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ រៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនត្រូវចោទនេះត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនអោយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញកាលពីថ្ងៃទី២៣កក្ដដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ ។
ចំណែកជនរងគ្រោះអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយយុវសិស្សនេះដែរ ។
ប្រភពព័ត៍មានពីសាលាដំបូងរាជធានីបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក់ ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ ។ពួកគេបានចាត់ទុកគ្នាជាសង្សារ និង បានដើរលេងជាមួយគ្នាញឹកញាប់ ។រហូតដល់ខែ មិនាឆ្នាំ ២០១៨យុវជនរូបនេះ បានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករាក្នុង ខណ្ឌទួលគោក ។
នៅក្នុងរោងកុនតូចចង្អៀតមួយនោះមានសភាពងងឹតឈឹង និង ស្ងាត់ស្ងៀមទៀតផង ។ឆ្លៀតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និង សង្សារបានបបួលគ្នារួមភេទដើម្បីយកបទពិសោធន៍ទាន់ខ្លួននៅក្មេង ។ បន្ទាប់ពីពីលើកទី១បានជោគជ័យហើយ ពួកគេក៏តែងបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសច្បាប់នេះជាបន្តបន្ទាប់ទៀត។
លុះក្រោយមក ខាងស្រីដឹងខ្លួនខុស ក៏បានប្រកែកមិនទៅរួមភេទទៀត ។ធ្វើឲ្យភាគីខាងប្រុសមិនអស់អាល័យ ក៏សុំឲ្យសង្សារ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេគេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ ។ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកំសាន្តភ្នែកតាមសំណូមពរ ។
ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ យុវជនរូបនេះនេះចេះតែអន្ទងណាត់ជួបក្នុងគោលបំណង នាំឡើងឋានសួគ៍លោកីយ៍ទៀត ។ តែដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាម។ ពេលនោះយុវជនរូបនេះចាប់ផ្ដើមគំរាមកំហែងរឿងយករូបអាក្រាតរបស់ជនរងគ្រោះទៅចែកចាយអោយគេឯងបានឃើញ ក្រោយមករូបអាក្រាតនោះក៏ត្រូវគេចែកចាយមែនទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង ៕