ខេត្តកណ្តាល ៖ នគរបាលខេត្តកណ្តាលបាន ឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទរំលោភ សេពសន្ថវៈកាលពីពីរឆ្នាំមុនដោយការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹក ថ្ងៃ សុក្រ ១៥ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី ២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៧ជាង នៅចំណុចភូមិ ទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
នគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ សារី បូរ៉ាហាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ត្រូវបាននគរបាល ឃាត់ខ្លួនតាមដីកាលេខ៤៩៤ ដកបចខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទរំលោភ សេពសន្ថវៈ កាលពីថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យខាងលើត្រូវបានបញ្ជូន មកអធិការស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី បន្ត ៕ សហការី