ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជំនួយការថៅកែស្ថានីយ៍ប្រេងPTT នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​មានតួនាទីជាជំនួយការ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT មួយកន្លែង នៅផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបានម្ចាស់ស្ថានីយ៍ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​០០​នាទី ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុកចិត្ត លួចដក​លុយ​ស្ថានីយ៍​ប្រេង ចាយ​ផ្ទាល់ខ្លួន​ ។​

​ដើមបណ្តឹង​ឈ្មោះ ឯល លី​ហ្វា​ស់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ បុគ្គលិក​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT ស្នាក់​នៅផ្ទះ​លេខ​៣០៩ ផ្លូវជាតិ​លេខ​៥ ភូមិ​៣ សង្កាត់ ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជនសង្ស័យ​ឈ្មោះ វ៉ែន វុទ្ធី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជំនួយការ​អ្នក​គ្រប់ គ្រង​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ស្នាក់នៅ បន្ទប់​ជួល ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​ស្ថានីយ៍​ប្រេងបាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ចូលធ្វើការ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT រយៈពេល​០២​ឆ្នាំ​មកហើយ ដោយ​កាន់​តួនាទី​ជា​ជំនួយការ​អ្នកគ្រប់គ្រង​ស្ថានីយ៍​ប្រេង ហើយ​បាន​ដក​លុយ​ពី​ស្ថានីយ៍​ប្រេង​សរុប ១៨.៩៨៨​ដុល្លារ យកទៅ​ស៊ីចាយ​ផ្ទាល់ខ្លួន ។ លុះដល់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​០០​នាទី អ្នកគ្រប់គ្រង​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT បាន​ឲ្យ​អ្នកត្រួតពិនិត្យ​ចុះមក​ទូទាត់​លើ​ចំណូល​ពី​ថ្លៃ​លក់​ប្រេងនិង​ថ្លៃឈ្នួល​ហាង​ពីរ​កន្លែង​ទៀត ជាមួយ​ជនសង្ស័យ ស្រាប់តែ​ឃើញ​បាត់​លុយ​ចំនួន ១៨.៩៨៨​ដុល្លារ ។ ពេលនោះ​ជនសង្ស័យ​ក៏បាន​សារភាពថា រូបគេ​បាន​ដកយក​លុយ​យកទៅ ចាយ​ប្រាកដ​មែន ។

លុះ​រហូតដល់​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ដដែល តំណាង​ស្ថានីយ៍​ប្រេង ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖