ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ បានបំពេញកាតព្វកិច្ចបោះឆ្នោតរួចហើយ ក្រោយពីឈររង់ចាំមុនរិយាល័យបើកទ្វារ 

ចែករំលែក៖

ភ្នំពេញ៖ នៅរាជធានីភ្នំពេញមាន អ្នកមកឈររង់ចាំបោះឆ្នោតតាំងពី ម៉ោង៦,៣០នាទី ថ្ងៃ២៩កក្ដដា មុនបើកការិយាល័យក្នុងនោះគេក៏បានឃើញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីបានឈររងចាំផងដែរ។

លោកឃួង ស្រេង និងលោកស្រីបានប្រើសិទ្ធិជាប្រជាពលរដ្ឋបោះឆ្នោតរួចហើយ នៅការិយាល័យលេខ ១១០១ នៅកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺចាប់ផ្តើមបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យនិងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវធ្វើការសម្រេចចិត្តលើជោគវាសនាជាតិ តាមរយៈបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ នេះជាលើកទី០៦ហើយ ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីរៀបចំបោះឆ្នោតលើកដំបូង ឆ្នាំ១៩៩៣មក។

នៅថ្ងៃអាទិត្យទី២៩កក្ដដានេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួមបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឱ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។ ប្រជាពលរដ្ឋ ដែលជាកម្មករ និយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមបោះឆ្នោត ដែលពួកគេបានចាកចេញពីរាជធានីភ្នំពេញ ឬទីផ្សេងៗ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួនរួចហើយចាប់តាំងពីថ្ងៃទី២៨កក្កដា។

គេឃើញម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦ មានពលរដ្ឋ​​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ចំនួន​ ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិថ្មីនេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើង ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣៕

 


ចែករំលែក៖