ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឲ្យស្ត្រីម្នាក់ខ្ទាតចូលក្រោមរថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឲ្យស្ត្រីម្នាក់ខ្ទាតចូលក្រោមរថយន្តរងរបួសធ្ងន់ និងក្មេងប្រុសម្នាក់របួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣រសៀលថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ ៣៧១ខាងមុខបុរី មួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងកូនប្រុសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BK-7377 តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទីកើត ខណៈមកដល់ចំណុចកើតហេតុ បានប៉ះជាមួយនិងម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាក បណ្តាលឲ្យដួលខ្ទាតស្ត្រីជាម្តាយចូលទៅក្រោមរថយន្តមួយគ្រឿង ម៉ាក IZUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-7055 ដែលបើកបត់ចូលក្នុងបុរី ប៉ះចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ចំណែកឯកូនរងរបួសស្រាលប៉ុណ្ណោះ រីឯម៉ូតូមួយគ្រឿងទៀត បើកគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកតាមម៉ូតូរ៉ឺម៉កកង់បី យកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ សូវៀត ចំណែកឯម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចរាចរយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖