ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនស្រវឹងជោកជាំបើករថយន្តបុកខឿនផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងជោកជាំបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន លុះមកដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុលចង្កូតទៅបុកខឿនដែលនៅអមសងខាងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតទៅមុខលែងរួច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AN-៣០២៧ បើកបរដោយបុរសជាជនជាតិចិនម្នាក់ មានវ័យប្រមាណ២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ក្នុងល្បឿនលឿន ដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច គោលបំណងបើកឆ្ពោះទៅផ្លូវលេខ៥៩៨ លុះមកដល់ចំណុចកើតហេតុជាផ្លូវកោង ហើយអ្នកបើកបរមិនបានបន្ថយល្បឿននោះទេ ស្រាប់តែបួងចង្កូតមិនទាន់ក៏ជ្រុលទៅខាងឆ្វេងបុកខឿនផ្លូវទាំងកំរោល បណ្តាលឲ្យខឿនបែកបន្តិចបន្តួច មិនធ្វើឲ្យអ្នកបើកបររងរបួសនោះទេ ។ ចំណែករថយន្តបង្ករងការខូចខាតបែកយ៉ាន់កង់ខាងមុខចំហៀងខាងស្តាំនិងផ្ទុះពោងការពារសុវត្ថិភាព ទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការទាក់ទងហៅសមត្ថកិច្ចជំនាញចុះមកវាស់វែង រួចស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ស តារា


ចែករំលែក៖