ខេត្តកណ្ដាល៖ រថយន្ដរថយន្ដ Land Criuserមួយគ្រឿងបើកបបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្ដToyotaPriusមួយគ្រឿងទៀតដែលបើកដោយល្បឿនលឿនពេញមួយទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាល៣នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះសំណាក់យីហោ ភ្នំមាស លើកំណាត់ផ្លូវជាតិ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
មន្រ្តីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាអ្នកបើកបររថយន្ដម៉ាក Toyota Prius ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2AK-2741 (បើកបរក្នុងស្ថានភាពស្រវឹង) និងអ្នករួមដំណើរ២នាក់មិនស្គាល់អត្ដសញ្ញាណ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ ចំណែកភាគីរថយន្ដមួយគ្រឿងទៀតម៉ាក Land Criuser ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2A-5148 អ្នកបើកបរឈ្មោះ សោម ប៊ុណ្ណារ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រងរបួស់ស្រាល) និងអ្នករួមដំណើរម្នាក់ភេទប្រុស មិនទាន់ស្គាល់ឈ្មោះ (រងរបួសស្រាល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដម៉ាកLand Criuser ធ្វើដំណើរតាមបណ្ដោយផ្លូវ ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿងទៀត Toyota Prius បើកដោយល្បឿនលឿន ក៏បុករថយន្ដLand Criuser ចំផ្នែកស្ដាំពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើករថយន្ដ Toyota Prius ទទួលរងរបួសធ្ងន់២នាក់និងស្រាលម្នាក់ រីឯអ្នកបើកបររថយន្ដ Land Criuserទទួលរងរបួសស្រាល២នាក់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក Land Criuser បើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបររថយន្តម៉ាក Toyota Prius បើកក្នុងល្បឿនលឿន ស្ថិតក្នុងស្ថានភាពមានជាតិស្រវឹង ទើបបានជាមានរឿងហេតុនេះកើតឡើង ៕ ស្អាងជ័យ