ខេត្តកណ្ដាលៈ នារីម្នាក់ទុកម៉ូតូរបស់ខ្លួននៅក្រៅបន្ទប់ជួលអស់រយៈពេលជិតកន្លះខែ ត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភពលួច រួចអូសបណ្ដើរចេញមកក្រៅជួបសមត្ថកិច្ចកំពុងល្បាត ដោយមានការសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ សេន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បច្ចុប្បន្នស្នាក់នៅក្រោមស្ពាន ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះឈ្មោះ អ៊ី លីនណា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមកវិញម៉ូតូ១គ្រឿងម៉ាកZOOMER ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1S-0895 ។
ប្រភពដដែលបន្ដថា កន្លងមក នារីរងគ្រោះបានយកម៉ូតូរបស់ខ្លួនមកទុកនៅខាងក្រៅបន្ទប់ជួលអស់រយៈពេលជិតកន្លះខែមកហើយ ដោយម៉ូតូរបស់នារីរងគ្រោះខូច ហើយខ្លួនបានឡើងទៅដេកនៅលើផ្ទះជួលនៅជាន់ទី២ ។ លុះមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យឈ្មោះ សេន ម៉ាប់ បានមកធ្វើសកម្មភាពលួចម៉ូតូនារីរងគ្រោះ រួចបណ្ដើរតាមបណ្ដោយផ្លូវរហូតមកដល់ត្រង់ចំណុចហាងសេះស ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃើញ ដោយមានការសង្ស័យក៏ឃាត់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ រហូតជនសង្ស័យសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូនារីរងគ្រោះប្រាកដមែន ។
ក្រោយពីសួរនាំរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ