ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកអ្នកថ្មើរជើងកំពុងបីកូនស្រីពេញទំហឹងរងរបួសធ្ងន់

ចែករំលែក៖

ត្តស្វាយរៀង៖ ឪពុក និងកូនស្រីបានរងរបួសធ្ងន់ ខណៈកំពុងដើរតាមផ្លូវបីកូន និងដៃត្រូវយុវជនម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកពីក្រោយខាងឆ្វេងដៃយ៉ាងពេញទំហឹងបណ្ដាលឲ្យកូនស្រីខ្ទាតពីដៃសន្លប់ភ្លាមៗកាលពីវេលាម៉ោង៨យប់ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា យុវជនដែលបើកម៉ូតូបង្កមាន ឈ្មោះធៀង ធិ អាយុ២០ឆ្នាំ មុខរបររត់កង់បី នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខណៈជិះម៉ូតូម៉ាកស៊ុយសូគី NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-4769 ។

ចំណែកបុរស និងកូនស្រីដែលរងរបួសមានឈ្មោះ ភី ឌៀន អាយុ26ឆ្នាំ មុខរបរកសិករ និងកូនស្រីឈ្មោះភី ទេវី មានអាយុ៨ខែ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ យុវជនម្នាក់បានជិះម៉ូតូម៉ាកស៊ុយសូគី NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-4769 ដោយធ្វើដំណើរមកពីទិសខាងត្បូងទៅជើង មិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកបុរសម្នាក់កំពុងបីកូនដើរតាមផ្លូវខាងឆ្វេងដៃ ស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យកូនស្រីខ្ទាតធ្លាក់ពីដៃសន្លប់ភ្លាមៗ ចំណែកឪពុករងរបួសបាក់ខ្នងជើងឆ្វេង ចំណែកយុវជនបង្ករងរបួសស្រាល ក្រោយបង្កគ្រោះថ្នាក់ចរាចណ៍ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្នោតបន្តទៀត ។

បន្ទាប់មកសមត្ថកិច្ចបានវាស់វែង និងហៅក្រុមគ្រួសារបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ប៉ុន្តែដោយមានសភាពធ្ងន់ ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា មូលហេតុបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មកពីអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ ហើយទៅបុកអ្នកដើរថ្មើរជើងពីក្រោយ នៅចិញ្ចើមថ្នល់ខាងធ្វេង ៕ យឹម សុថាន


ចែករំលែក៖