ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់របួសធ្ងន់និងម្នាក់ទៀតស្រាលខណៈជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញមួយទំហឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតឈប់មិនទាន់បុកពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរា រណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៥០នាទី លើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៦ ស្ថិតក្នុងភូមិអន្លង់រមៀតលិច ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ អ៊ុន រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកNext ពណ៌ ស ពាក់ស្លាកលេខ កណ្ដាល1X-7899 ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកម៉ាកZumer x ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GY-2472 ជិះដោយឈ្មោះ ធួក ជី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រើង ឃុំមាន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីNext ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតមកលិច លុះជិះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវទៅទិសខាងលិច ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាZumer x ធ្វើដំណើរពីត្បូងមកជើង ឈប់មិនទាន់ក៏បុកម៉ូតូស៊ុយហ្ស៊ូគីNextពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស៊ុយហ្ស៊ូគីNextទទួលរងរបួសធ្ងន់ និងអ្នកជិះម៉ូតូហុងដាZumer x ទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖