ប៉ោយប៉ែត៖ ក្មេងប្រុសម្នាក់ពេលមេឃកំពុងភ្លៀងរត់លេងទឹកភ្លៀង ត្រូវរន្ទះបាញ់ប្រហារជីវិតនៅវេលាម៉ោង ៤និង២៥នាទីរសៀលថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថាសពជនរងគ្រោះមានឈ្មោះ ឆន ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ឪពុកឈ្មោះ ប៉ែន ឆន អាយុ៥១ឆ្នាំ ម្តាយឈ្មោះ ផន ផុនអាយុ៤៨ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ ប្រុស៤ រស់នៅភូមិឃុំ កើតហេតុខាងលើ ។
មុនកើតហេតុគេសង្កេតឃើញមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ផ្គរន្ទះលុះវេលាម៉ោងប្រមាណ ៤ជាង ជនរងគ្រោះបានចេញពីផ្ទះទៅរត់លេងទឹកភ្លៀងជាមួយក្មេងក្នុងភូមិ ស្របពេលកំពុងលេង រន្ទះបាញ់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
សពរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់បានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ វណ្ណា