ព័ត៌មានទាន់ហេតុការណ៍៖

គូស្នេហ៍ស្រវឹងមួយគូឈ្លោះប្រកែក​គ្នា​តាម​ដងផ្លូវ​ឈាន​ដល់​ការ​វាយតប់​គ្នាបង្កការភ្ញាក់ដល់ពលរដ្ឋតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​បាន​ឈ្លោះប្រកែក​គ្នា​តាម​ដងផ្លូវ​ឈាន​ដល់​ការ​វាយតប់​គ្នា បណ្តាល​​ឲ្យ​ខាង​ស្រី​ដែល​ត្រូវជា​ប្រពន្ធ​ទី​២​បែកក្បាល​ហូរ​ឈាម​​សន្លប់ ដោយសារតែស្រវឹងរៀងៗខ្លួន។​

ហេតុការណ៍បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​ជិត៩​យប់ ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ខាងមុខ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិតនៅក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។

ប្រភពពត៌មានបានឲ្យដឹងថាបុរស​ជា​ប្តីមាន​ឈ្មោះ ប៉ែន វិ​រៈ អាយុ​៥៣​ឆ្នាំ អតីត​ជា​មន្ត្រី​នគរបាល ចំណែក​ប្រពន្ធ​ទី​២​ឈ្មោះ នួន ហៅ​ដួង អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ប្រភព​ពី​ប្រជា​ពលរ​ដ្ធ​ដែល​រត់​ម៉ូតូ​កង់​បី​នៅ​កន្លែង​កើតហេតុ​បាន​​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​មួយគូ​នេះ​មិនដឹង​មកពីណា​ទេ បាន​ឈប់​ម៉ូតូ​ហើយ​ឈ្លោះប្រកែក​គ្នា ដោយ​ខាង​ស្រី​ស្រវឹង​ស្រែក​ឡូឡា​ដាក់​ខាង​ប្រុស​ ហើយភាគីខាងប្រុស​ក៏ស្រវឹង​​ដូច​គ្នា ហើយ​ខាង​ស្រី​បានរ​ត់ទៅ​វាយ​ខាង​ប្រុស ធ្វើ​ឲ្យ​ខាង​ប្រុស​ច្រាន​ចេញ​បណ្តាល​​ឲ្យ​ដួល ហើយ​ខាង​ស្រី​ងើបរ​ត់ទៅ​វាយ​ខាង​ប្រុស​ទៀត ទើប​ទ្រាំ​មិន​បាន​ខាង​ប្រុស​ទះ​មួយ​ដៃ​ចំ​មួក​ការពារសុវត្ថិភាព​​បណ្តាល​ឱ្យ​​ដួល​ទៀត ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចូល​ជួយ​អន្តរាគមន៍​។

​បុរស​ជា​ប្តី​បាន​ប្រាប់​ទាំង​​ស្រវឹងទៀត​ថា គាត់​មានគ្រួសារ​និង​មានកូន​រួច​ទៅ​ហើយ ចំណែក​​ស្ត្រី​ដែលឈ្លោះប្រកែក​គ្នា​នេះ​ជា​ប្រពន្ធ​ទី​២​របស់​គាត់​ ហើយ​នាង​ជា​ស្ត្រី​មេម៉ាយ ។

មុន​កើតហេតុ គាត់​បាន​ហូប​ស្រា​នៅ​ម្តុំ​ផ្សារ​ឌុ​យ​ម៉ិច ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ពេល​ស្រវឹង​បាន​ចេញពី​ទីនោះ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GH-៧០៩២ ជូន​នាង​ទៅ​ផ្ទះ​នៅ​កន្ទួត​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភព​ដដែល​​បន្ត​ថា គាត់​បាន​ឃាត់នាង​ឱ្យ​​ស្នាក់​នៅផ្ទះ​សំណាក់​នៅ​ភ្នំពេញ​មួយ​យប់​សិន​ទៅ តែ​នាង​មិន​ព្រម​បាន​ខឹង​រករឿង​គាត់​នៅ​លើ​ម៉ូតូ​រហូត​ទាល់តែ​គាត់​ព្រម​ជូន​នាង​ទៅ​ផ្ទះ​ហើយ បែរជា​នាង​ប្រាប់ឱ្យ​គាត់​ជិះ​តាម​ផ្លូវ​ចំការ​ដូង​វិញ តែ​គាត់​បាន​ប្រាប់​នាង​ថា​ជិះ​តាម​ផ្លូវជាតិ​លេខ​៣​វិញ​ទៅ បាន​ឈប់​ញ៉ាំ​អី​នៅ​រោង​លក់​សាច់ក្រក់​តាម​ផ្លូវ នាង​នៅ​តែ​មិន​ព្រម​រឹតតែ​ខឹង​គាត់ ហើយ​បាន​ស្រែក​ឡូឡា​វាយ​គាត់​ពីក្រោយ​រហូត ហើយ​គាត់​ក៏​ព្រម​ជិះ​តាម​ផ្លូវ​២១៧​ឆ្លងកាត់​ចំការ​ដូង ពេល​ធ្វើ​ដំណើរ​មក​ដល់​វត្ត​ស្ទឹង​មាន​ជ័យ ស្រាប់តែ​នាង​ទាញ​គាត់​រហូត​បើក​ម៉ូតូ​លែង​កើត ប៊ិះ​នឹង​ដួល​ទៀត គាត់​ក៏​ឈប់​ម៉ូតូ​។

ភ្លាម​នោះ នាង​បាន​ស្រែក​ជេរ​គាត់​ទាំង​ស្ថានភាព​ស្រវឹង​ដូច​គ្នា ថែម​ទាំង​ស្ទុះ​ទៅ​វាយ​គាត់ ហើយ​ក៏​ប្រតាយប្រតប់​គ្នា គាត់​ក៏​មិនដឹង​ខ្លួន​ថា​នាង​ត្រូវ​គាត់​ច្រាន​ឱ្យ​ដួល ឬ​ក៏​គាត់​វាយ​ឱ្យ​ដួល​នោះ​ទេ ទើប​បណ្តាល​​ឲ្យ​នាង​បែកក្បាល​ហូរ​ឈាម​ដួល​សន្លប់​បែប​នេះ ហើយ​ភ្លាម​ៗ​នោះ ក៏​មាន​​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ ចេញ​មក​ជួយ​អន្តរា​គម​ន៍​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់ពី​កើតហេតុ ស្ត្រី​ដែល​សន្លប់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុ​ស្តិ៍​នគ​បាល ទើប​ប្រពន្ធដើម​និង​កូន​ៗ​ទៅ​ជួយ​ដោះស្រាយ​ផង​ដែរ តែ​ដោយ​សារ​​ភាគី​ខាងស្រ្តី​រង​គ្រោះជា​ប្រពន្ធ​ទី​២​ស្រវឹង​និយាយ​ស្តាប់​គ្នា​មិន​បាន ​ទើប​មិន​អាច​ដោះស្រាយ​បាន​ភ្លាម​ៗនោះ​ទេ​ រង់ចាំ​គាត់​ស្វាង​នឹង​ស្តាប់​ការ​សម្រេចចិត្ត​របស់​ស្ត្រីជា​ជន​រង​គ្រោះនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖