ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានការអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅក្នុងឱកាស អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បាន​ណែនាំ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ ក៏ដូចជា​អ្នក​ជំងឺ​ដែល​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព ជាពិសេស​កុមារ​តូចៗ នៅក្នុងរដូវវស្សានេះ។

​លោក អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ រដូវនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ព្រោះអាចមានជំងឺផ្សេងៗនឹងកើតឡើង និងប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនានា ដូចជា៖ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងរន្ទះបាញ់ជាដើម ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំសុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញកូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារមានសភាពជំងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត ។

លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ហើយព្រមជាមួយនេះ លោក អ៊ី ឈាន ក៏បានបង្ហាញមនោសញ្ចេតនាអាណិត ស្រលាញ់ និងស្និទ្ធស្នាលជាទីបំផុត ព្រមទាំងបានឧបត្ថម្ភដល់អ្នកជំងឺក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់ស្ត្រីសម្រាលកូនទីទាល់ក្រ ឈ្មោះ ឈឿន សោភី ប្តីឈ្មោះ ម៉ិច ហ៊ន រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ចំនួន ១លានរៀលផងដែរ។

បើតាមការបញ្ជាក់របស់លោក អាង នាង ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា៖ ​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ​៦៩​នាក់​ ក្នុងនោះ​មាន​កុមារ​ចំនួន ១៩​នាក់​ ជំងឺវះកាត់ ចំនួន ១១នាក់ ជំងឺទូទៅ ចំនួន ១២នាក់ ជំងឺសង្គ្រោះបន្ទាន់ ចំនួន ១៧នាក់ និងស្ត្រីសម្រាលកូន ចំនួន ១០នាក់ ៕ ស សារ៉េត


ចែករំលែក៖