ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ទន្លេមេគង្គបន្តកើនឡើងលិចចូលតំបន់មួយចំនួនទៀតនៅភាគខាងលើ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មកដល់ម៉ោង៧ព្រឹក ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គលើ ក្នុងខេត្តស្ទឹងត្រែងបានបន្តកើនឡើងដល់កម្ពស់១០,៨៤ម៉ែត្រ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ)។ តំបន់ទំនាប ដែលនៅតាមដងទន្លេត្រូវបានទឹកលិច ចូលជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម ។

ជាមួយគ្នានោះអាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានប្រកាសដែរថា ទឹកជំនន់ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងបានបន្តឡើងលើស កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នធ្វើឲ្យលិច តំបន់មួយចំនួននៅឃុំអូរស្វាយ និងឃុំព្រះ រំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

អាជ្ញាធរខេត្តស្ទឹងត្រែងបានលើក ឡើងថា មកដល់ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេ មេគង្គក្នុងខេត្តស្ទឹងត្រែងបានបន្តកើនឡើងដល់កម្ពស់១០,៨៤ម៉ែត្រ ខណៈកម្រិត កម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១០,៧០ម៉ែត្រប៉ុណ្ណោះ។ ទឹកជំនន់នៅ ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងបានជន់ លិចក្នុងឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ជំនន់ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងបានជន់លិចសង្កាត់៤ក្នុងក្រុងស្ទឹងត្រែងរួម មានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី។

ចំពោះស្ថានភាពទឹកទន្លេមេគង្គដែល កំពុងឡើងហួសកម្រិតប្រកាសអាសន្ននៅខេត្តស្ទឹងត្រែងនេះត្រូវបានរដ្ឋបាលខេត្ត ស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់ នៅតាមទីតាំងនានា ។

អាជ្ញាធរសមត្ថកិច្ចក៏បានដាក់ចេញ ផែនការត្រៀមបង្ការ និងត្រៀមជួយអន្តរា គមន៍សង្គ្រោះប្រជាពលរដ្ឋដែលកំពុងរស់ នៅ និងប្រកបមុខរបរតាមមូលដ្ឋានដែល នឹងអាចរងផលប៉ះពាល់ដោយគ្រោះទឹក ជំនន់ឲ្យបានទាន់ពេលវេលា ។

ជាមួយគ្នានោះក្រសួងធនធានទឹក និង ឧតុនិយមបានប្រកាសថា គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តកំពង់ចាមបានហក់ ឡើងជិតដល់ចំណុចប្រកាសអាសន្ន ហើយ ទឹកទន្លេមេគង្គក៏នឹងបន្តឡើងរហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ។

សេចក្តីជូនដំណឹងស្តីពីការហក់ឡើងខ្លាំងនៃទឹកជំនន់ទន្លេមេគង្គលើចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធាន ទឹក និងឧតុនិយមលើកឡើងថា បន្ទាប់ពីបានតាមដានការព្យាករលើស្ថានភាព អាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គលើរួចមក ក្រសួងធនធានទឹក និង ឧតុនិយមសូមជម្រាបជូនដំណឹងដល់ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនមេត្តាជ្រាបថា ដោយសារមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើននៅក្នុងតំបន់អាងទន្លេ មេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវបានបង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា បន្តកើនឡើង២-៣ថ្ងៃបន្ថែមទៀត ។

សេចក្តីជូនដំណឹងដដែលលើកឡើង ថា យោងតាមការព្យាករកម្ពស់ទឹកទន្លេ មេគង្គលើកម្ពុជាអាចនឹងកើនឡើងដល់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដោយលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។ ក្នុងនោះ រួមមាន៖

-នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ទន្លេ មេគង្គខេត្តស្ទឹងត្រែងទឹកអាចនឹងកើនឡើងដល់កម្ពស់១១,៤០ម៉ែត្រ (កម្ពស់ប្រកាស ឲ្យប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ) ។

-នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ទន្លេ មេគង្គខេត្តក្រចេះទឹកអាចនឹងកើនឡើង ដល់កម្ពស់២២,១៥ម៉ែត្រ(កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២២ម៉ែត្រ) ។

-នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ទន្លេមេគង្គក្នុងខេត្តកំពង់ចាមទឹកអាចនឹងកើន ឡើងដល់កម្ពស់១៥,២៥ម៉ែត្រ(កម្ពស់ ប្រកាសឲ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ) ។

ក្រសួងធនធានទឹក និងឧតុនិយមបាន លើកឡើងថា យោងលើស្ថានភាពទឹកដូច បានព្យាករ និងជម្រាបជូនខាងលើសូម ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជនមេត្តាជ្រាបជាព័ត៌មាន និង បង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។

សូមរម្លឹកថា ខេត្តស្ទឹងត្រែងទើបតែរាងធូរស្រាលទឹកជំនន់នៅទន្លេសេកុង ក្នុង ស្រុកសៀមប៉ាងដោយសារតែការបាក់ ទំនប់នៅប្រទេសឡាវដែលបានជន់លិច ភូមិអ្នកស្រុកចំនួន១៧ភូមិក្នុង៤ឃុំដែលបានបណ្តាលឲ្យប្រជាជនសរុបប្រមាណ ១.២៨៧គ្រួសារត្រូវបានជម្លៀសចេញពី ផ្ទះលិចទឹកទៅកាន់ទីទួលសុវត្ថិភាព ។

ស្ថានភាពទឹកជំនន់ទន្លេមេគង្គបានឈានដល់ការគំរាមកំហែងលិចលង់លំនៅឋានប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅខេត្ត ក្រចេះ ហើយអាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុវត្ថិភាព និងសុខភាព ។

អភិបាលខេត្តក្រចេះបានចេញសេចក្តី ជូនដំណឹង និងអំពាវនាវឲ្យបងប្អូនប្រជា ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈដែលគិតត្រឹមវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៨កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះបានហក់ឡើង ដល់កម្ពស់២១,៥១ម៉ែត្រ និងបន្តហក់ឡើងថែមទៀតបើប្រៀបធៀបទៅព្រឹកថ្ងៃទី៣០ ខែកក្កដាទឹកមានកម្ពស់ទឹកត្រឹមតែ២១,២៧ម៉ែត្រប៉ុណ្ណោះ ។

មន្ត្រីសាលាខេត្តក្រចេះបានឲ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋ និងដំណាំរួម ផ្សំ សត្វពាហនៈ ព្រមទាំងប្រពន្ធ័ហេដ្ឋារចនា សម្ព័ន្ធក្នុងភូមិសាស្រ្តស្រុក ក្រុងមួយចំនួន បានលិចលង់ ពិសេសប្រជាពលរដ្ឋដែល រស់នៅតាមដងទន្លេមេគង្គ ព្រែក អូរជា ដើម ។

ប្រភពបានបន្តទៀតថា ពេលនេះប្រជាពលរដ្ឋជាច្រើនគ្រួសារបានត្រៀមលក្ខណៈប្រមូលសត្វចិញ្ចឹម សម្ភារ ជម្លៀសចេញពីផ្ទះដែលរកការលិចលង់ដោយទឹកជំនន់ទៅកាន់ទីទួលមានសុវត្ថិភាពដើម្បីចៀសផុតពីគ្រោះថ្នាក់ដែលអាចកើតឡើងពីទឹកជំនន់នេះ។ ក្នុងនោះអាជ្ញាធរបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេត្រូវប្រុងប្រយ័ត្ននឹងចាកចេញជា បណ្តោះអាសន្ន ពីព្រោះវាងាយរងគ្រោះ ថ្នាក់បំផុត និងផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃត្រូវមានអនាម័យហើយយកចិត្ត ទុកដាក់បន្ថែមទៅលើកុមារតូចៗ និងចាស់ ជរា ជនពិការឲ្យបានហ្មត់ចត់ពីព្រោះពួកគេងាយរងគ្រោះដោយសារទឹក ។

ពេលនេះអាជ្ញាធរខេត្តក្រចេះកងកម្លាំង ប្រដាប់អាវុធ និងក្រុមអន្តរាគមន៍ជួយ សង្គ្រោះបានត្រៀមលក្ខណៈ បង្ការ សង្គ្រោះ ប្រជាពរដ្ឋរួចជាស្រេចទាំងសម្ភារ មធ្យោ បាយជួយសង្គ្រោះបន្ទាន់នានាផងដែរ ។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកខេត្តក្រចេះបានឲ្យដឹងថា ព័ត៌មាន ស្តីពីឧតុនិយម និងជលសាស្រ្តក្នុងខេត្ត ក្រចេះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ សីតុណ្ហភាពអតិបរិមា៣៤អង្សាសេ អប្ប បរិមា២៦អង្សាសេ។ សម្រាប់កម្ពស់តាម ទឹកស្ថានីយជលសាស្ត្រក្រចេះនៅម៉ោង ៧ល្ងាចថ្ងៃទី៣០ ខែកក្កដា កម្ពស់ទឹក ២១,៣៦ម៉ែត្រម៉ោង៧ព្រឹកថ្ងៃទី៣១ ខែ កក្កដាកម្ពស់ទឹកឡើងដល់២១,៥១ម៉ែត្រ។

ចំពោះកម្រិតទឹកភ្លៀងនៅក្រុងក្រចេះ៩មិល្លីម៉ែត្រ, ស្រុកសម្បូណ៌៣០មិល្លីម៉ែត្រ, កន្ទួត៣៥មិល្លីម៉ែត្រ, ស្វាយជ្រះ១១,២ មិល្លីម៉ែត្រ, ស្រុកស្នួលនៅនឹង, អូរគ្រៀង នៅនឹង, ស្រុកឆ្លូង២៤,៧មិល្លីម៉ែត្រ និងស្រុកព្រែកប្រសព្វ២៨,៤មិល្លីម៉ែត្រ ។

ជាមួយគ្នានេះអាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅ តាមដងទន្លេមេគង្គ និងអ្នករស់នៅតាម តំបន់ទំនាបនានាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ ព្រោះលំហូរនៃទឹក ទន្លេមេគង្គកំពុងមានសន្ទុះហក់ឡើងយ៉ាងគំហុក ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញពីស្ថានភាព ជំនន់ទឹកទន្លេមេគង្គមានសន្ទុះហក់ឡើងយ៉ាងគំហុកនាប៉ុន្មានថ្ងៃចុងក្រោយនេះគួរឲ្យមានការព្រួយបារម្ភមន្ទីរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដង ទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានាក្នុងភូមិសាស្ត្រខេត្តកំពង់ចាមត្រូវ បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បី បង្ការការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះស្ថានភាពទឹកនាពេលនេះ កំពុងបន្តហក់ឡើង ។

លោកបានបន្តថា ដោយអនុវត្តតាមការណែនាំពីក្រសួងធនធានទឹកលើវិធានការការពារក៏ដូចជាការផ្សព្វផ្សាយអំពីស្ថាន ភាពទឹកជំនន់ទន្លេមេគង្គនេះ មន្ទីរធនធាន ទឹក និងឧតុនិយមខេត្តក៏បានជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋានដែលមានប្រជាជន រស់នៅតាមដងទន្លេសុំឲ្យជួយផ្សព្វផ្សាយដល់បងប្អូនអំពីស្ថានភាពជំនន់ទឹកទន្លេ មេគង្គនេះដើម្បីមានវិធានការការពារទ្រព្យ សម្បត្តិ អាយុជីវិតកូនចៅ និងសត្វពាហនៈបង្ការទុកដាក់ជាមុនឲ្យបានទាន់ពេល វេលា ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបន្ថែមថា សម្រាប់ ខេត្តកំពង់ចាមចាប់គិតត្រឹមថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គបានហក់ឡើងក្នុងមួយយប់ជិត៣តឹកធ្វើឲ្យកម្ពស់ ទឹកក្នុងខេត្តកំពង់ចាមកើនឡើងកម្ពស់ ១៤,៦០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញឡើង ០,២៤ម៉ែត្រគឺប្រហាក់ប្រហែលនឹងឆ្នាំមុន ដែលមានកម្ពស់ទឹក១៤,៥៤ម៉ែត្រ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា កម្ពស់ ទឹកទន្លេមេគង្គត្រឹមរយៈពេល២៤ម៉ោង ហក់ឡើង០,២៤ម៉ែត្រដែលធ្វើឲ្យទឹកហូរ ចូលកន្លែងទំនាប និងព្រែកចំនួន៣៩លើ ៣៩ព្រែកដែលរួមមាន ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកកំពង់ សៀម និងស្រុកស្ទឹងត្រង់ ខណៈដែល កម្រិតកម្ពស់ទឹកត្រូវប្រកាសឲ្យមានការ ប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត្រ ៕ ហេង សូរិយា


ចែករំលែក៖