ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា នឹងអញ្ជើញសម្ផោធដាក់ឱ្យដំណើរការ ជាផ្លូវការ នូវកាណូតដឹកអ្នកដំណើរ ពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពី លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការបណ្ដោះអាសន្ន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨កន្លងមក ។
បើតាមលោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កាណូតដឹកអ្នកដំណើរពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ក្នុង១គ្រឿងមានតម្លៃជាង២០ម៉ឺនដុល្លារ គឺធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ។ គម្រោងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក មានកាណូតល្បឿនលឿន ចំនួន២០គ្រឿង ដែលក្នុងមួយគ្រឿង អាចផ្ទុកអ្នកដំណើរ បាន៩៩នាក់ និងមានពោងសុវត្ថិភាពជាដើម ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៨ យប់ ។
សូមជម្រាប់ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លងកាត់ស្ថានីយ៍រង់ចាំអ្នកដំណើរចំនួន ៦កន្លែង មានដូចជា ៖ កំពង់ផែព្រែកព្នៅ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ កំពង់ផែបណ្តែត កំពង់ផែណាហ្គា កំពង់ផែភូមិដើមចាន់ច្បារអំពៅ និងកំពង់ផែសួនច្បារតាខ្មៅ ៕