ជប៉ុនបានសម្រេចពង្រឹងខែលមីស៊ីល សម្រាប់ទប់ទល់នឹងការវាយប្រហារដោយមីស៊ីល ពីសត្រូវ បើទោះបីពេលនេះស្ថានភាពសន្តិសុខល្អប្រសើរជាងមុន ក្រោយ កូរ៉េខាងជើង បានសម្រេចបោះបង់កម្មវិធីបរមាណូនិងមីស៊ីលដើម្បីដោះដូរយកសន្តិភាពក្តី ។
ក្នុងនាមជាប្រទេសមហាអំណាចនៅក្នុងតំបន់ទាំងវិស័យសេដ្ឋកិច្ចនិងយោធា ជប៉ុនចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារ បើទោះបីស្ថិតនៅក្នុងស្ថានភាពសន្តិភាពក្តី ។ មួយវិញទៀតជប៉ុនបានត្រៀមលក្ខណៈសម្រាប់ការពារដល់ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលនឹងត្រូវធ្វើឡើង នៅរយៈពេល ២ឆ្នាំខាងមុខទៀត។
កាលពីថ្ងៃទី៣០ខែកក្កដា រដ្ឋាភិបាល ជប៉ុនបានប្រកាស ពីគម្រោងវិនិយោគតម្លៃ៣.៦០០លានអឺរ៉ូ សម្រាប់ដំឡើងនិងដាក់ឱ្យដំណើរការប្រព័ន្ធខែលមីស៊ីលលើដី របស់អាមេរិក។ ជាប្រព័ន្ធខែលចាប់មីស៊ីល ដើម្បីការពារទឹកដីជប៉ុនពីការគំរាមកំហែងឬវាយប្រហារជាយថាហេតុណាមួយពី សំណាក់កូរ៉េខាងជើង។
បើទោះបីជាស្ថានភាពនៅក្នុងតំបន់ហាក់បាននិងកំពុងស្គាល់ភាពធូរស្បើយ នាប៉ុន្មាន ខែចុងក្រោយនេះក៏ដោយ ក៏ជប៉ុននៅតែយល់ថាប្រទេសរបស់ខ្លួនស្ថិតក្រោមការ គំរាមកំហែងដោយផ្ទាល់ពីរបបព្យុងយ៉ាង។ ដោយហេតុតែមានអារម្មណ៍បែបនេះ ទើបជប៉ុនមានគំនិតចង់ដំឡើងនិងបំពាក់ខែលមីស៊ីលអាមេរិក ដើម្បីពង្រឹងមធ្យោបាយ ការពារជាតិរបស់ខ្លួន ដែលមានស្រាប់ ឱ្យ កាន់តែរឹងមាំ។
គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាស ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក អ៊ីស៊ូនូរី អូណូដេរ៉ា Itsunori Onodera ដោយបញ្ជាក់ថា គឺក្រុមឧស្សាហកម្មសព្វាវុធអាមេរិក Lockheed Martin ជាអ្នកទទួលសាងសង់ស្ថាបនារ៉ាដាចាំស្ទាក់មីស៊ីល។ បើតាមគម្រោង ជប៉ុននឹងដំឡើង ប្រព័ន្ធខែលមីស៊ីល Aegis Ashore នៅពីរ កន្លែងផ្សេងគ្នា ដើម្បីធ្វើយ៉ាងណាអាចគ្របការពារប្រទេសបានទាំងមូល។ ជាគម្រោងដែលនឹងត្រូវសម្រេចនៅក្នុងរយៈពេល ៣០ឆ្នាំ និងដោយត្រូវចំណាយថវិកាវិនិយោគអស់ប្រមាណ៣.៦០០លានអឺរ៉ូ។ ប៉ុន្តែទំហំទឹកប្រាក់នេះ មិនមែនជាតម្លៃ កំណត់ពិតប្រាកដទេ ! អាចនឹងមានការ ចំណាយបន្ថែម ដែលរដ្ឋាភិបាលជប៉ុន បានត្រៀមលក្ខណៈរួចជាស្រេចទៅហើយ។
តាមរយៈគម្រោងនេះ ជប៉ុននឹងមាន សមត្ថភាពការពារជាតិបានខ្ពស់ ទល់នឹង មីស៊ីលប៉ាលីស្ទិក ។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនទៅកាន់អ្នកសារព័ត៌មាន។
នាយករដ្ឋមន្ត្រីអភិរក្សជប៉ុន លោក សុីនហ្សូ អាបេ ជាសកម្មជនដែលមានគោលនយោបាយតឹងតែងខ្លាំងប្រឆាំងនឹងរបប ព្យុងយ៉ាងរបស់ លោកគីម ជុងអ៊ុន។ លោកនាយករដ្ឋមន្ត្រីតែងទាមទារ និង ជ្រើសរើសនយោបាយពង្រឹងប្រព័ន្ធការពារជាតិ ប្រឈមនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ កាលពីឆ្នាំមុន កូរ៉េខាងជើង បានគំរាមកម្ទេចកោះជប៉ុនឱ្យលិចបាត់ក្នុងទឹកសមុទ្ទ ហើយមីស៊ីលពីរគ្រាប់របស់ព្យុងយ៉ាងបានហោះរំលងទឹកដីជប៉ុន។
តាមការណ៍ពិត នៅក្នុងវិស័យការពារ ជាតិនេះ ជប៉ុនសហការបានស្អិតល្មួតណាស់ជាមួយយោធាអាមេរិក ដែលមានមូលដ្ឋានទ័ពនៅជាច្រើនកន្លែងលើផ្ទៃដីជប៉ុន។ ប៉ុន្តែទោះបីបានទទួលការពារពីអាមេរិកយ៉ាងណាក៏ដោយ ក៏លោក សុីនហ្សូ អាបេ មិនដែលលាក់បាំងមហិច្ឆតា ចង់សើរើរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុនឡើងវិញឡើយ។ លោកអាបេ ចង់មានលទ្ធភាព ពង្រឹងពង្រីកសមត្ថកិច្ចរបស់កងកម្លាំងទ័ពជាតិ ដែលចងដោយរដ្ឋធម្មនុញ្ញ ត្រឹមជា កងទ័ពស្វ័យការពារ។
កន្លងមកជប៉ុន បានផ្លាស់ប្តូររដ្ឋធម្មនុញ្ញ សន្តិភាព ដែលជប៉ុនអនុវត្តចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ តាំងពីពេលនោះមកជប៉ុនមានតែកម្លាំងទាហានការពារប៉ុណ្ណោះ មិនមានទាហានសម្រាប់ធ្វើ សង្គ្រាមនោះឡើយ។ ប៉ុន្តែចាប់តាំងពី លោក នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេឡើង កាន់តំណែង លោកបានកែប្រែច្បាប់ និង បង្កើនការចំណាយសម្រាប់យោធា ផលិត អាវុធទំនើបៗជាច្រើន។
កន្លងមកហ្វុីលីពីន ក៏បានបង្ហាញការ គាំទ្រ ជប៉ុន ដែលជាអតីតសត្រូវរបស់ខ្លួន ឲ្យលុបចោលនូវធម្មនុញ្ញសន្តិភាព ដែល ជប៉ុនចាប់អនុវត្តតាំងពីជប៉ុនចាញ់ក្នុង សង្រ្គាមលោកលើកទីពីរមក។ បើតាមរដ្ឋលេខាធិការនៃក្រសួងការបរទេសហ្វុីលីពីន ជប៉ុនគួរតែដំឡើងតួនាទីកងទ័ពរបស់ខ្លួនពីស្វ័យការពារ មកអាចអន្តរាគមន៍ ឬលូកដៃដោយសេរី ក្នុងជម្លោះនៅក្នុង តំបន់។ ក្នុងន័យនេះ គឺ ហ្វុីលីពីនមានចេតនាចង់ឲ្យជប៉ុនអាចមានសិទ្ធិលូកដៃក្នុងជម្លោះនៅសមុទ្រចិនភាគខាងត្បូង បើទោះ ជាជប៉ុនមិនមែនជាភាគីជម្លោះក៏ដោយ។ សម្រាប់ហ្វីលីពីន ដែលកំពុងមានជម្លោះ ដណ្តើមកោះជាមួយចិននៅសមុទ្រចិន ភាគខាងត្បូង មានតែសព្វាវុធជប៉ុនទេ ដែលអាចប្រជែងកម្លាំងទប់ទល់ជាមួយ ចិនបាន។
គួររំលឹកឡើងវិញបន្តិចថា នៅសម័យ សង្រ្គាមលោកលើកទីពីរ ជប៉ុនធ្លាប់ចូល កាន់កាប់ ហ្វុីលីពីននៅឆ្នាំ ១៩៤១។ ក្នុង រយៈពេលកាន់កាប់៣ឆ្នាំ ជនសង្ស័យថាជាឧទ្ទាមទ័ពព្រៃត្រូវទាហានជប៉ុនសម្លាប់ និងធ្វើទារុណកម្ម។ ចំណែកស្រ្តីហ្វុីលីពីន មួយចំនួនត្រូវទាហានជប៉ុនចាប់យកទៅធ្វើជាស្រ្តីបម្រើតណ្ហា ហើយតាមអ្នកប្រវត្តិសាស្រ្តហ្វុីលីពីនបានបញ្ជាក់ថា ប្រជាជនស៊ីវិលហ្វុីលីពីនយ៉ាងតិចមួយលាននាក់ បានស្លាប់នៅក្នុងសម័យសង្រ្គាមលោកលើកទីពីរ។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញសន្តិភាពត្រូវបានអាមេរិក តម្រូវឲ្យរដ្ឋាភិបាលជប៉ុន បង្កើត និងចាប់អនុវត្ត នៅឆ្នាំ ១៩៤៧ គឺនៅក្រោយពេលដែលជប៉ុនបានចាញ់សង្រ្គាមលោកលើកទីពីរ។ កាលណោះ លោកAbe ធ្លាប់បានចាត់ទុកធម្មនុញ្ញសន្តិភាពថា មិនស្របនឹងស្ថានភាពនយោបាយអន្តរជាតិបច្ចុប្បន្ន ព្រោះវាតម្រូវឲ្យជប៉ុន ផលិតអាវុធ ដើម្បីធ្វើស្វ័យការពារខ្លួន ប៉ុន្តែ ជប៉ុនមិនអាចយកអាវុធទៅវាយប្រហារ ប្រទេសណាផ្សេងឡើយ៕ ម៉ែវ សាធី