តាមរបាយការណ៍ពីអាកាសយានដ្ឋាន Vladivostok របស់រុស្ស៊ីបានផ្សាយថា យន្តហោះដឹកជញ្ជូន៥គ្រឿងរបស់កូរ៉េខាងជើងប្រភេទ Il-76 បានហោះហើរចូលទៅកាន់អាកាសយានដ្ឋានរុស្ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា។ នេះជាចំនួនយ៉ាងច្រើនមិនធ្លាប់មានពីមុនមក។
ក្នុងចំណោមយន្តហោះដឹកជញ្ជូន៥គ្រឿង មាន២គ្រឿងសម្រាប់ដឹកអ្នកដំណើរ និង៣គ្រឿងសម្រាប់ដឹកទំនិញ។ យន្តហោះដឹកទំនិញខាងលើធ្លាប់បានដឹករថយន្តរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងសម្ភារផ្សេងៗទៀត ពេលធ្វើទស្សនកិច្ចនៅក្រៅប្រទេស។
យន្តហោះដឹកជញ្ជូនខាងលើរបស់កូរ៉េខាងជើងចូលចតនៅរុស្ស៊ីគឺជាលើកទី១ចាប់តាំងពីឆ្នាំ២០១០មក។ មកទល់ពេលនេះ គឺមិនទាន់អាចសន្និដ្ឋានបានថា យន្តហោះកូរ៉េខាងជើងទៅកាន់រុស្ស៊ីដើម្បីធ្វើអ្វី ដឹកជញ្ជូនអ្វីនោះឡើយ។
ក្រសួងការងាររុស្ស៊ីបានបញ្ជាក់ថា បានផ្អាកផ្តល់ទិដ្ឋាការដល់ពលករកូរ៉េខាងជើងតាមការសម្រេចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នៅមុនពេលដាក់ទណ្ឌកម្ម រុស្ស៊ីបានផ្តល់ទិដ្ឋាការ (វីសា) ដល់ពលករកូរ៉េខាងជើង ១៥.០០០នាក់ ចូលទៅធ្វើការរយៈពេលខ្លីនៅរុស្ស៊ី។ សរុបមានពលករកូរ៉េខាងជើងកំពុងធ្វើការនៅក្នុងក្រុមហ៊ុននានាក្នុងប្រទេសរុស្ស៊ី។
កាលពីដើមខែកក្កដា យន្តហោះប្រភេទ Il-62 បានលាបពណ៌ដូចទៅនឹងយន្តហោះដឹកមេដឹកនាំ គីម ជុងអ៊ុន បង្ហាញវត្តមាននៅអាកាសយានដ្ឋាន Vladivostok ប៉ុន្តែត្រូវបានភាគីរុស្ស៊ីច្រានចោល។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងទំនងជាស្ថាបនាគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICMB) ចំនួន១ឬ២គ្រាប់ នៅឯរោងចក្រមួយកន្លែងដែលបានផលិតគ្រាប់មីស៊ីលដំបូងរបស់ប្រទេសនេះ ដែលអាចមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក។
កាសែតខាងលើបានដកស្រង់សម្តីដោយក្រុមមន្ត្រីដែលមិនបញ្ជាក់អត្តសញ្ញាណ ដែលដឹងនៅក្នុងរឿងសម្ងាត់នេះ បានថ្លែងថា ទីភ្នាក់ងារចារកិច្ចរបស់អាមេរិកបានមើលឃើញពីការសាងសង់ដ៏ធំមួយ នៅឯ Sanumdong ជាយនៃទីក្រុងព្យុងយ៉ាង។
នេះជាសកម្មភាពថ្មីមួយ ក្រោយពេលដែលកូរ៉េខាងជើងបានរុះរើទីតាំងសាកល្បងកាំជ្រួចមីស៊ីលដែលធ្លាប់សាកល្បងជាច្រើនលើកកន្លងមក។ ការរុះរើនោះបានផ្តល់ទំនុកចិត្តដល់ប្រទេសជិតខាង កូរ៉េខាងត្បូង និងពិភពលោកពីចេតនាពិតប្រាកដនៅក្នុងការបោះបង់កម្មវិធីមីស៊ីលនិងបរមាណូ ដោះដូរយកសន្តិភាព។
កន្លងមករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងក៏បានលើកឡើងថា សន្ធិសញ្ញាសន្តិភាព អាចនឹងធ្វើឡើងនៅក្នុងឆ្នាំ២០១៨នេះ ដើម្បីនាំមកនូវសន្តិភាពដល់ឧបទ្វីបកូរ៉េ បញ្ចប់សង្គ្រាមកាលពីឆ្នាំ១៩៥០ និងបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ១៩៥៣៕ ម៉ែវ សាធី