ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនទៀតហើយ!បើកឡានបុកម៉ូតូហុងដាឌ្រីមបណ្ដាលឲ្យម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាប្ដីបានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯប្រពន្ធបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានបុរសជនជាតិចិន២នាក់ បើករថយន្តឡិចសុីសLX330 មិនប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងលើមានឈ្មោះ អុឹង សុធី (ត្រូវជាប្ដី) ភេទប្រុស អាយុប្រហែល៥៦ឆ្នាំ មុខរបរជាអ្នកគ្រូបង្រៀន ។ ចំណែកឯប្រពន្ធរងរបួសធ្ងន់ ខាងក្រុមការងារនៅមិនទាន់ស្គាល់អត្តសណ្ណាណនោះទេ ។

យោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុស ស្រី២នាក់ដែលគេស្គាល់ជាប្ដីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GI- 9171 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចសុីសLX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-6955 ដែលអ្នកបើកបរ និងរួមដំណើរដោយជនជាតិចិន២នាក់ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿនដូចហោះ បុកជាមួយម៉ូតូរងគ្រោះ បណ្ដាលឲ្យបុរសម្នាក់ជាប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯស្ត្រីជាប្រពន្ធ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅដល់មន្ទីពេទ្យ ។

ដោយឡែករថយន្តនិងម៉ូតូ បានរងការខូចខាតយ៉ាងដំណំ និងមានប្រជាពលរដ្ឋឃាត់ខ្លួនអ្នកបើកបរ រួមទាំងអ្នកដំណើរ ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសហការគ្នា វាស់វែងយករថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបរ ទៅកាន់នៅការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែក សព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖