ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្នើដល់ពលរដ្ឋត្រូវផ្លាស់ប្តូរឥរិយាបទផលិតស្រូវតាមទម្លាប់ ដោយងាកមកចាប់យកពូជស្រូវថ្មីខ្លីថ្ងៃ ទិន្នផលខ្ពស់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលធ្វើស្រែរដូវវស្សាមានការត្អូញត្អែរដោយក្នុងរយះពេលជិតមួយខែនេះ ក្នុងខេត្តស្វាយរៀង មានបញ្ហាអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ មិនមានភ្លៀងធ្លាក់គ្រប់ក្រុងស្រុក ខណៈធ្វើអោយពួកគាត់ត្រូវធ្វើការផ្លាស់ប្តូរពូជស្រូវជាបន្ទាន់ ដើម្បីផលិតឲ្យត្រូវនឹងអាកាសធាតុ និងការពិភាក្សាស្វែងរកការគាំទ្រពីក្រសួងកសិកម្ម និងមន្ទីរជំនាញ ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ថា ការងារបង្កបង្កើនផលស្រូវវស្សារបស់ពលរដ្ឋនៅក្នុងខេត្ត ចាប់ពីដើមរដូវរហូតមកដល់ថ្ងៃនេះ កសិករសម្រេចការភ្ជួររាស់ សាបព្រោះ ដកស្ទូងបានចំនួន១២២.៧៤៣ហិកតា ស្មើនឹង៧៣% លើផែនការ១៦៧.៥០០ហិកតា។ ដោយឡែកការច្រូតស្រូវស្រាលដើមរដូវ ធ្វើឡើងបានចំនួន៨.២៦៤ហិកតា និងធ្វើកម្មវិធីស្រែបង្ហាញពង្រីកពូជស្រូវពូជផ្កា ដល់គ្រួសារកសិករបានចំនួន៦៦គ្រួសារ ក្នុងចំណោមគ្រួសារគោលដៅចំនួន១០០ ដើម្បីបង្ហាញដល់កសិករនៅទូទាំងខេត្តផងដែរ ។

នាពេលកន្លងមកលោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀង បានស្នើដល់ពលរដ្ឋត្រូវធ្វើការផ្លាស់ប្តូរឥរិយាបទផលិតស្រូវតាមទម្លាប់ ដោយងាកមកចាប់យកពូជស្រូវថ្មីខ្លីថ្ងៃ ទិន្នផលខ្ពស់ ដែលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានកំណត់ សំដៅផលិតឲ្យត្រូវនឹងអាកាសធាតុ រួមនឹងទីផ្សារស្រូវអង្ករផងដែរ ដើម្បីបម្រើការហូបចុក និងបង្កើនចំណូល។

លោក អភិបាលរងខេត្ត បន្តថា ការផ្លាស់ប្តូរពូជស្រូវ ដើម្បីផលិតតម្រូវនឹងអាកាសធាតុ និងទីផ្សារ គឺជារបត់ថ្មីមួយ ដែលពលរដ្ឋគ្រប់រូបអ្នកផលិតស្រូវ ត្រូវតែបន្តការសិក្សាស្វែងយល់ពូជស្រូវឲ្យបានច្បាស់ពីសណ្តានអម្បូរស្រូវជាមួយនឹងមន្ទីរកសិកម្ម មុននឹងយកទៅផលិត ពីព្រោះពូជស្រូវថ្មីខ្លីថ្ងៃតម្រូវនឹងដីប្រភេទណា និងប្រើប្រាស់ជីអ្វី ការដែលបងប្អូនបានសិក្សាច្បាស់ ទើបការផលិតរបស់យើងមិនបរាជ័យ៕ យឹមសុថាន


ចែករំលែក៖