ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលខេត្តកណ្ដាលសហការជាមួយនគរបាលខេត្តតាកែវ និងមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ស្រាវជ្រៀវចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពលួចកាច់កម៉ូតូពលរដ្ឋកាលពីថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣និង១០នាទី ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិត្រពាំវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ជៃ ជឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមកវិញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-4186 (របស់ជនរងគ្រោះ) មួយគ្រឿង ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានទុកម៉ូតូនៅក្នុងផ្ទះដោយបានចាក់សោរកផងដែរ រួចក៏នាំប្រពន្ធកូនចូលសម្រាកបាត់ទៅ ។ លុះព្រឹកឡើងម៉ោង៦និង៣០នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានក្រោកពីដេកស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ក៏មានការភ័យឆោឡោ រួចស្រាវជ្រាវដឹងថា ជនសង្ស័យបានលួចម៉ូតូរបស់ខ្លួនជិះតាមបណ្ដោយផ្លូវជាតិលេខ៣ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចស្រុកអង្គស្នួល ។
ក្រោយពីសមត្ថកិច្ចស្រុកអង្គស្នួលទទួលបានព័ត៌មានករណីខាងលើភ្លាមនោះ ក៏ធ្វការសហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបន្តសហការជាមួយនគរបាលខេត្តតាកែវ ដោយមានការឯកភាពពីលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល ចុះស្រាវជ្រាវ រហូតក្ដាប់មុខសញ្ញាបាន ឈានដល់ចាប់ខ្លួនជនសង្ស័យនិងដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ និងឧបករណ៍ពាក់ព័ន្ធមួយចំនួនយកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ