ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបស្ត្រីម្នាក់បានសម្រេច គេចខ្លួនបាត់នៅមុខសាលាបឋមសិក្សាទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ចោរឆក់កាបូបស្ត្រីម្នាក់ជាអ្នកទិញត្រីយកមកលក់កំពុងជិះម៉ូតូបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៨៩ ខាងមុខសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបដែលជនសង្ស័យឆក់ទៅ មានលុយចំនួន៦៨ម៉ឺនរៀល ខ្សែកមាស៤ជី ចិញ្ចៀនប្លាទីន១វង់ និងទូរស័ព្ទមួយគ្រឿង ខណ:ដែលគាត់បានដោះទុកយកមកដាក់ក្នុងកាបូប ក្នុងបំណងយកទៅលក់ដើម្បីរៀបចំពិធីមង្គលការរបស់កូនស្រីគាត់។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1B-0676 តាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ស្រមោល បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍៕ ជ្រោយពេជ្រ


ចែករំលែក៖