ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យវ័យក្មេងអាយុ១៧ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ថវ:ទៅលើក្មេងស្រីអាយុ១៣ឆ្នាំ តាំងពីខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ ហើយសមត្ថកិច្ចទើបឃាត់ខ្លួនបាននៅព្រឹក ថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
នគរបាលស្រុក ត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេន អាតាំ ហៅលីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិអ៊ិស្លាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ថវ:ទៅលើក្មេងស្រីរងគ្រោះដែលមានអាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា បានសម្រេចកាលពីវេលាម៉ោង៣រសៀល (មិនចាំថ្ងៃ)ខែឧសភា ឆ្នាំ២០១៨ នៅស្រុកត្បូងឃ្មុំ ហើយបានគេចខ្លួនរហូត ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានត្រឡប់មកផ្ទះវិញក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមបណ្តឹងក្មេងស្រីរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី ៕ សហការី