ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យគំនុំស្ទាក់កាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីរងនូវការកាប់ប្រហារពីសំណាក់ក្មេងស្ទាវមួយក្រុមពេលរាំធុងបាស់ ។

ហេតុ​ការ​ណ៍នេះ បាន​កើតឡើង​នៅវេលា​ម៉ោងរំលងអធ្រាត្រ​ ឈានចូលថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ទំនប់​ព្រៃ​ទីទុយ ភូមិ​ព្រៃ​ទីទុយ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត កំពង់ស្ពឺ ។ ការកាប់សម្លាប់​គ្នា ផ្តើមចេញពី​រឿង​គំនុំគុំកួន បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់ ក្នុង​ថ្លុកឈាម ក្នុង​វិធី​ចាក់ធុងបាស​រាំលេងសប្បាយ​ ។

តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ​ឈួន សាន់​នី អាយុ៣៣ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ ហម ស្រស់ អាយុ៣១ឆ្នាំ មុខរបរ​កសិករ រស់នៅក្នុង​ភូមិ​ព្រៃ​ទីទុយ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​និយាយ​ឲ្យដឹងថា ប្តី​របស់​នាង​ត្រូវបាន​ក្រុមក្មេងស្ទាវ​ជាច្រើន​នាក់ បាន​ស្ទាក់​កាប់សម្លាប់​ប្តី​របស់គាត់ ដោយសារតែ​នៅក្នុង​ភូមិ មាន​កម្មវិធី​ចាក់ធុងបាស់​រាំ លេង​សប្បាយ ហើយ​ក៏មាន​មនុស្ស ចូលរួម​រាំលេង មកពី​ភូមិ​ជាច្រើន ដូចជា​ភូមិ​ពាណិជ្ជ ភូមិ​ទួល​ថ្មី​ជាដើម រហូតដល់​មានទំនាស់​តែម្តង ។

នៅក្នុង​កម្មវិធី​រាំ​ធុងបាស់ មានក្មេងៗ ជាច្រើន​មកពី​ភូមិ​ទួល​ថ្មី​ និងក្មេងៗ មកពី​ក្នុងភូមិ​ពាណិជ្ជ​ជាច្រើន មក​រាំលេង​ផង​ដែរ ហើយក៏​ស្រាប់តែ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មាន​ក្រុមក្មេងៗ ជិះ​ម៉ូតូ​ចេញពី​កន្លែង​រាំលេង​ធុងបាស់​នោះ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ថា មានការ​វាយ តប់​គ្នា​កាប់​ចាក់​គ្នា បណ្តាលឲ្យ​បុរស​ជា​ជនរងគ្រោះ​ខាងលើ រងរបួស​ត្រូវគេ​កាប់​មួយ កាំបិត​ចំក្បាល​លើ​ត្រចៀក​ខាងឆ្វេង របួស​ធ្ងន់ធ្ងរ​ហូរឈាម​ជោគ​ខ្លួន ហើយ​ក្រុម​អ្នក ភូមិ​ព្រៃ​ទីទុយ បាននាំគ្នា​រត់​ដេញ​ក្រុមក្មេងស្ទាវ មកពី​ភូមិ​ពាណិជ្ជ និង​មកពី​ភូមិ​ទួល​ថ្មី រហូតមកដល់​ទំនប់​អូរ​ខ្យា​ទើប ត្រឡប់ទៅផ្ទះ​វិញ​បានឃើញ​បុរស​ឈ្មោះ ហម ស្រស់ របួស​ធ្ងន់ធ្ងរ ហើយក៏​បាន​ដឹក​យកទៅ​ព្យាបាល នៅ​គ្លីនិក​ឯកជន មួយកន្លែង ដោយ​ស្នាម របួស​ធ្ងន់ធ្ងរ​ពេក បណ្តាលឲ្យ​ស្លាប់​តែម្តង ៕ សេនាស័ក្តិ


ចែករំលែក៖