ខេត្តកណ្ដាល៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបែកកង់ ខណៈកំពុងបើកបរ បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាពេញមួយទំហឹងធ្វើឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២២និង៤០នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុង ភូមិជីម៊ៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ផាត វៃ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅនៅភូមិព្រៃញញីឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B- 0582 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 3A-5 284 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីតាកែវមកភ្នំពេញ លុះជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងទិសដៅពីភ្នំពេញទៅតាកែវ (ច្រាស់ទិសគ្នា) ដើកដោយល្បឿនលឿន ស្រាប់តែបែកកង់មុខផ្នែកខាងស្ដាំ ភ្លាមនោះក៏រេចង្កូតទៅឆ្វេង បណ្ដាលឲ្យបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ រីឯអ្នកបើករថយន្តបានទុករថយន្តរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ