ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាតខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាតខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង២១និង៣០នាទីនៅលើផ្លូវលំ ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខាងត្បូងវត្តខ្សាច់ល្អិតចំងាយ៨០ម៉ែត្រ ដោយជនសង្ស័យចងខ្សែកាតទទឹងផ្លូវធ្វើឲ្យជនរងគ្រោះជិះម៉ូតូទាក់ខ្សែដួល រងរបួសយ៉ាងដំណំ។

ជនរងគ្រោះឈ្មោះ និន ប៉ែត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិខ្សាច់ល្អិត ឃុំចុងដូង។ ជនសង្ស័យឈ្មោះ ឡាញ់ សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិ-ឃុំជាមួយគ្នា ត្រូវជាបងថ្លៃជនរងគ្រោះ(ឃាត់ខ្លួន)។

មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្ដិមានគ្នា៧នាក់ ជិះម៉ូតូ៤គ្រឿងទៅហូបបង្អែមនៅផ្សារកំពង់ថ្ម រួចនាំគ្នាជិះម៉ូតូត្រឡប់មកវិញ ជនរងគ្រោះជិះម៉ូតូមុខគេរហូតដល់កន្លែងកើតហេតុស្រាប់តែទាក់ខ្សែចំដើមទ្រូងនឹង ខ្សែចងកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលរបួសយ៉ាងដំណំ ភ្លាមៗនោះ គ្នាជនរងគ្រោះក្រឡេកឃើញជនសង្ស័យឈរនៅចម្ងាយប្រហែល៣០ម៉ែត្រ ជួនឃើញហេតុការណ៍បែបនោះ ជនសង្ស័យពន្លត់ភ្លើងពិលរួចរត់តែម្ដង ប៉ុន្ដែត្រូវបានក្រុមជនរងគ្រោះនាំគ្នាដេញតាមរហូតដល់ផ្ទះជនសង្ស័យតែម្ដង។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ វេលាម៉ោង០៨និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ រួចមក បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងចាត់ការណ៍តាមច្បាប់ រួចសន្និដ្ឋានថា មូលហេតុ គឺគំនុំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖