ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាជនជាតិកូរ៉េ បើករថយន្តថយក្រោយជ្រុលទៅបុកកង់បីបណ្តាលឲ្យបុរសម្ចាស់កង់បីរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិកូរ៉េ បើករថយន្តថយចេញពីអាផាតមិន ជ្រុលទៅបុកកង់បីពេញទំហឹង បណ្តាលឲ្យបុរសម្ចាស់កង់បីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោងជិត១០យប់ ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិកូរ៉េ បើករថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ស៊េរីថ្មី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-8120 បើកតាមបណ្តោយផ្លូវលេខ២៩៤ បត់ចូលអាផាតមិន ហើយមិនដឹងយ៉ាងម៉េច ក៏ដាក់លេខរីយ៉ែរថយក្រោយក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូរ៉ឺម៉កកង់បីបើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើករ៉ឺកង់បីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុខាងភាគីរថយន្តជនជាតិកូរ៉េបានចុះពីរថយន្តមកស្រែកឡូឡា ហើយក៏ឡើងរថយន្តទៅជាមួយមិត្តភក្តិទៅបាត់ ដោយតេហៅក្រុមហ៊ុនធានារ៉ាប់រងឲ្យមកដោះស្រាយជំនួស ហើយខាងភាគីម៉ូតូកង់បីទារសំណងចំនួន១៥០០ដុល្លារ ទៅមើលអ្នករងរបួសធ្ងន់ និងជួសជុលម៉ូតូឡើងវិញ តែខាងធានារ៉ាប់រងមិនព្រម ក៏ហៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ត និងម៉ូតូកង់បីនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖