ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់សង្ស័យជិះម៉ូតូបុករថយន្តពីក្រោយរួចដួលបោកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅតាមផ្លូវលីយ៉ុងផាត់ បន្ទាប់ពីដួលបោកក្បាលដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុករថយន្តពីក្រោយខណៈមេឃកំពុងភ្លៀងខ្លាំង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលីយ៉ុងផាត់ម្តុំអតីតបញ្ជបង់ចាស់ចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកហុងដាពណ៌ខ្មៅសេរី០១៦ពាក់ស្លាកលេខភ្នំពេញ1DL-0039 ។

ជនរងគ្រោះត្រូវបានគេស្គាល់តាមរយៈអត្តសញ្ញាណប័ណ្ណ ឈ្មោះសាំង សាធ ភេទប្រុសអាយុ៦៩ឆ្នាំ រស់នៅផ្ទះលេខ១៥១ភូមិបឹងសង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមេឃកំពុងភ្លៀងខ្លាំង ពេលរាំងភ្លៀងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅតាមផ្លូវទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលីយ៉ុងផាត់ ដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុករថយន្តពីក្រោយដួលស្លាប់ហើយឡានទៅបាត់តែម្តង ព្រោះគេឃើញមានដែកអក្សរវេប្រហែលកន្លះម៉ែត្រនៅពីក្រោមម៉ូតូ ហើយម៉ូតូបែកក្បាំងម្ខាងចំណែកជនរងគ្រោះដួលបោកក្បាល។

ក្រោយពេលកើតហេតុជនរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ៕ ជ្រោយពេជ្រ


ចែករំលែក៖