ព័ត៌មានទាន់ហេតុការណ៍៖

ហួសហេតុ! បើករថយន្តបុករទេះលក់ប្រហិតគេហើយមិនឈប់ទទួលខុសត្រូវ បែរជាដកកាំភ្លើងវាយជនរងគ្រោះថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាលើសពេកហើយបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ បែជាបើករថយន្តរត់គេចរហូតមកដល់ក្លោងទ្វារវត្តសំរោងអណ្តែត ទើបឈប់ហើយ ក៏មានបុរសម្នាក់ទៀត ជាមន្ត្រីយោធាឋានន្តរស័ក្តិវរៈសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485 មកដល់បានដកកាំភ្លើងវាយជនរងគ្រោះ ដែលជាអ្នកលក់ប្រហិតនោះបណ្តាលឲ្យរបួសថែមទៀត ។

ករណីនេះ បានកើតឡើងពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង កែងផ្លូវហាណូយ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ក្រោយពីអ្នកបើកបររថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 4119 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ទៅបុករទះលក់ប្រហិតរួចម្ចាស់រថយន្តបានព្យាយាមបើករត់លុះមកដល់ចំណុចខាងលើជនរងគ្រោះបានដេញតាម ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់សក្តិ៤កន្លះ បើករថយន្តព្រុសមកដល់ ក៏កើតជាប្រទូសរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លី មកវាយចំសៀតថ្កាជនរងគ្រោះបណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ខ្លួន យកទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ ។

ដោយឡែក អ្នកបើកបររថយន្តទាំង២វិញបាននិយាយមូលហេតុ ដែលគាត់វាយជនរងគ្រោះនោះ មកពីខឹងរឿងជនរងគ្រោះយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់គាត់ ។
ជនរងគ្រោះ ឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅ ផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4119 ។

រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធាមានឋានន្តរស័ក្តិវរៈសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485 ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខចំណែកកជនរងគ្រោះត្រូវបងប្អូននាំទៅព្យាបាលនៅមន្ទីរពេទ្យ ៕ តុង សីហា


ចែករំលែក៖