ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ជំរុញមន្ដ្រីជំនាញស្ថាបនាឡើងវិញច្រាំងទន្លេបាក់ ដាច់ផ្លូវ នៅសង្កាត់ព្រែកតាសេកជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ ជាបន្ទាន់លើកំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាត ដោយបាក់ផ្តាច់ដោយសារទឹកជំនន់ទន្លេសាបនាប៉ុន្មានថ្ងៃកន្លងមកនេះ នៅទីតាំង ក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៏ ០៨រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥២៦ ត្រូវនិងទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ខណៈដែលលោក ដឹកនាំមន្ដ្រីអាជ្ញាធរដែនដី និងមន្រ្តីជំនាញក្រោមឱវាទ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការបាក់ច្រាំងទន្លេនេះ ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ លោកបានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋ ជុំវិញគ្រោះធម្មជាតិ ដែលបណ្តាលឱ្យបាក់ផ្តាច់ផ្លូវខាងលើនេះ។ ប៉ុន្តែទោះជាយ៉ាង ណាក្តីជាការឆ្លើយតប លោកអភិបាលរាជធានី បានសន្យាថា ៖នឹងស្ថាបនាផ្លូវដែលបាក់នេះឱ្យបានឆាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ។ ជុំវិញការងារនេះ លោកអភិបាលបានជម្រុញឱ្យមន្ទីរពាក់ព័ន្ធពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងមន្ទីរធនធានទឹក ពិនិត្យនិងសិក្សាឱ្យបានហ្មត់ចត់ មុននឹងចាក់ថ្មធ្វើគ្រឹះចាក់ដីបំពេញច្រាំងបាក់នេះឡើងវិញ។

លោកបានបញ្ជាក់ថា៖ ការស្ថាបនាលប់ច្រាំងទន្លេ ដែល បាក់នេះ ធ្វើឡើងជាបណ្តោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងមួយវិញទៀតគឺអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្តោះអាសន្នព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះប្រាស្រ័យ តែផ្លូវមួយនេះទេ។

លោកបានបន្តថា៖ នៅរដូវទឹកស្រកខាងមុខនេះ លោកនឹងឱ្យមន្រ្តីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ហើយយើងនឹងអាចបុកស៊ីវផាយ ដើម្បីធ្វើឱ្យផ្លូវនេះរឹងមាំជាប់លាប់តែម្តង។ បើតាមមន្រ្តីអាជ្ញាធរមូលដ្ឋាន បានលើកឡើងឱ្យដឹងថា ផ្លូវនេះតែងបាក់ជារៀងរាល់ឆ្នាំ តែបាក់តិចតួច អាជ្ញាធរមូលដ្ឋានតែងតែធ្វើការជួសជុលជាបន្តបន្ទាប់ ប៉ុន្តែឆ្នាំនេះបាក់ខ្លាំង អាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពជួសជុល ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជួសជុលឱ្យទាំងស្រុងតែម្តង៕ សំរិត


ចែករំលែក៖