ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជិះម៉ូតូជ្រុលចង្គូតទៅបុកគោយន្ដដឹកឫស្សី បណ្ដាលឲ្យជុងធ្លាយកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូជ្រុលចង្កូតទៅបុកចំគោយន្ដដឹកឫស្សីបណ្ដាលឲ្យជុងធ្លាយកស្លាប់នៅនឹងកន្លែង ហេតុការណ៍គ្រោះថ្នាក់ចរាចរបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ខាងត្បូងប៉ុស្តិ៍បាក់ខែង នៅក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា បុរសដែលស្លាប់រូបនេះមានឈ្មោះ ផាត់ សុខលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-1857 និង ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរនេះ បើតាមសម្តីប្រជាពលរដ្ឋ នៅមុនពេលកើតហេតុ ឃើញគោយន្តដែលដឹកឫស្សីពេញប្រៀប ជាមួយនិងម៉ូតូរងគ្រោះ បានបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់ម៉ូតូងងឹតមុខមើលមិនឃើញ ឬជាន់ហ្វ្រាំងមិនជាប់បានជ្រុលចង្កូតទៅបុកពេញទំហឹង ចូលចំពីក្រោយប្រលូញឫស្សី ដែលនៅពីលើគោយន្ដ បណ្តាលឲ្យជុងកធ្លាយដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការនិងសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុយកគោយន្ដដឹកឫស្សី ជាមួយម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនិតិវិធីនៅពេលក្រោយ និងស្វែងរកសាច់ញាតិឲ្យមកទទួលយកសាកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖