ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលបុកម៉ូតូហុងដាពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបកប់ស្រូវ តាមបណ្តាយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GU-3130 ។ ដែលទើបតែជិះចេញមកពីកន្លែងធ្វើការនៅម្តុំរង្វង់មូលចោមចៅហើយបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំកំបូល ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវខ្វែងស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក NISSAN DIESEL ពណ៌ខៀវលាយបៃតង់ ជាប្រភេទរថយន្តសណ្តោងធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ3A-6622 ដែលបើកបរដោយបុរសម្នាក់ មកពីក្រោយក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូខាងលើចំពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូរងការខូចខាតបែកចង្កៀងនិងវៀចកង់ខាងក្រោយ តែសំណាងល្អដែលមិនបង្កឲ្យអ្នកបើកបរម៉ូតូរងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចហើយបានឲ្យភាគីទាំង២និយាយចរចាដោះស្រាយគ្នា ហើយដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏សម្រប់សម្រួលគ្នាជាមួយនិងភាគីខាងម៉ូតូ ដោយយកម៉ូតូទៅជួសជុលឲ្យដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ សុខាសែនជ័យ