ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូត្រឡប់មកពីទិញបាយឆា ស្រាប់តែវ៉ាក់អឺជាមួយរថយន្ត ដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅទិញបាយឆារួច ពេលជិះត្រឡប់មកផ្ទះវិញក៏បានវ៉ាក់អឺជាមួយរថយន្ត ធ្វើឲ្យគាត់ចាប់ហ្វ្រាំងបង្ខំបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃសៅរ៍ ៨រោច ​ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ​២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនបឹងត្របែកខាងត្បូង តាមបណ្ដោយផ្លូវ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុង សុខពៅ ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរ សន្ដិសុខ មានទីលំភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 1BD-3918 ជិះក្នុងទិសដៅលិចមកកើតតាមបណ្ដោផ្លូវ២៧១ លុះមកដល់ចំណុចកើតហេតុខាងលើនេះ ជនរងគ្រោះបានវ៉ាក់អឺជាមួយរថយន្ដមួយគ្រឿង មិនចាំម៉ាកបណ្ដាលឲ្យជនរងគ្រោះចាប់ហ្វ្រាំងបង្ខំដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុជួយហៅរថយន្ដសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យតែជាអកុសលបណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតទៅហើយ ភ្លាមៗនោះក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖